(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអំពាវសូមឱ្យចូលរួមលើកកម្ពស់ស្ត្រីដែលបានខិតខំពុះពាររាល់ឧបសគ្គទាំងឡាយ ដើម្បីចូលរួមលើកកម្ពស់ប្រទេសជាតិឲ្យមានការរីកចម្រើន ពីព្រោះការលើកកម្ពស់ស្ត្រីគឺជាការលើកស្ទួយស្រ្តីឲ្យមានភាពរឹងមាំ។

ថ្លែងក្នុងពិធីអបអសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ នៅសាលាស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ លោក ជា អឿន បានឱ្យដឹងថា ថ្ងៃទី ៨មីនា គឺជាទិវាអន្តរជាតិនៃសិទ្ធិនារីដែលបច្ចុប្បន្នត្រូវបានគេប្រារព្ធធ្វើឡើងជាទូទៅក្នុងពិភពលោក។

លោកបានបន្តថា ទិវានេះគឺជានិម្មិតរូបនៃការតស៊ូទាមទារសិទ្ធិសេរីភាពរបស់ស្ត្រីប្រឆាំងនឹងការរើសអើងផ្លូវភេទ ព្រមទាំងវិសមភាពរវាងបុរសនិងស្ត្រី។ មុននឹងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិរហូតសព្វថ្ងៃនេះ គឺមានការតស៊ូប្រឹងប្រែងអស់ប្រមាណមួយសតវត្សរ៍ពីសំណាក់សកម្មជន ដើម្បីឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតសង្គមក្នុងការទទួលស្គាល់សិទ្ធិរបស់ស្ត្រី។ ការគាបសង្កត់ និងភាពមិនស្មើគ្នារបស់ស្ត្រីនិងបុរសបានជំរុញឱ្យស្ត្រីមានការតស៊ូមតិច្រើនឡើងៗ និងរិតតែសកម្មឡើងៗក្នុងការទាមទារឱ្យមានការផ្លាស់ប្តូរ។

លោកបានបន្ថែមទៀតថា សព្វថ្ងៃនៅកម្ពុជា ពិតមែនតែមានច្បាប់ជាតិ ច្បាប់អន្តរជាតិ ដូចជាសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្ដីពី សិទ្ធិមនុស្សអនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ និងរដ្ឋធម្មនុញ្ញនៃកម្ពុជា ដែលស្ដីពីសិទ្ធិនោះហើយក៏ដោយ ក៏វិសមភាពរវាងបុរសនិងស្ត្រីការរើសអើងប្រឆាំងនឹងនារីភេទ ការរំលោភសិទ្ធិស្ត្រី ហិង្សាក្នុងគ្រួសារនៅតែកើតមានជាបញ្ហា ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនធំបានខំប្រឹងខ្នះខ្នែងយកបញ្ហាទាំងអស់នេះមកចុះផ្សាយដល់មនុស្សគ្រប់រូបទាំងប្រុសទាំងស្ត្រី ដើម្បីជួយស្ត្រីឱ្យមានភាពយុត្តិធម៌ក្នុងការទទួលសិទ្ធិ និងប្រើប្រាស់ ដើម្បីកាត់បន្ថយទប់ស្កាត់លុបបំបាត់ចោលនូវបញ្ហាទាំងឡាយដែលមានចំពោះស្ត្រីភេទ។

លោកអ្នកតំណាងរាស្ត្របានអំពាវសូមឱ្យចូលរួមលើកកម្ពស់ស្ត្រីដែលបានខិតខំពុះពាររាល់ឧបសគ្គទាំងឡាយ ដើម្បីចូលរួមលើកកម្ពស់ប្រទេសជាតិឲ្យមានការរីកចម្រើន។

លោក ជា អឿង បានផ្តាំផ្ញើដល់សមាជិកាទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ព្រមទាំងថែរក្សាសុខភាពមានអនាម័យ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដឲ្យបានគ្រប់ៗគ្នា ក្នុងនោះដែរលោកបានផ្តល់នូវសម្ភារសិក្សារដល់យុវជនស្ម័គ្រចិត្ត និងអ្នកចូលរួមនូវសារុង១ ថវិកា៥ម៉ឺនរៀលផងដែរ៕