(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានចុះពិនិត្យមើលការងារជួសជុលផ្លូវក្រាលកៅស៊ូបេទីម ប្រវែង២គីឡូម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥ផ្នែកខាងជើង ចាប់ពីចំណុចរង្វង់មូលលោកតាដំបងគ្រញូងដល់ចំណុចរង្វង់មូលព្រាបសនៅក្នុងក្រុងបាត់ដំបង ដោយមានការអមដំណើរពីលោក ព្រួញ រិទ្ធីថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្រ្តីជំនាញជាច្រើននាក់។

លោក ព្រួញ រិទ្ធីថា បានប្រាប់អ្នកយកព័ត៌មានថា ដោយមានការអនុម័តពីរាជរដ្ឋាភិបាល និងកញ្ចប់ថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងឆ្នាំ២០២២នេះ ហើយមន្ទីរសាធារណការខេត្តបានសហការជាមួយរដ្ឋបាលខេត្តជាអ្នកអនុវត្តគម្រោងនេះ និងបន្តធ្វើផ្លូវផ្សេងៗទៀតផងដែរ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា នៅចំណុចផ្លូវដែលកំពុងធ្វើនេះផ្នែកខាងត្បូងបានធ្វើរួចហើយ ទើបតែឆ្នាំ២០២២នេះ ក្រសួងបានទម្លាក់កញ្ចប់ថវិកាថ្មីសម្រាប់ជួសជុល និងធ្វើផ្លូវក្នុងខេត្ត ជាក់ស្ដែងថ្ងៃនេះគេបាននិងកំពុងធ្វើផ្លូវនេះ ដោយជួសជុលផ្លូវក្រាលកៅស៊ូអ៊ុតបេទីមប្រវែង២គីឡូម៉ែត្រ ទទឹងប្រវែង៩.៥០ម៉ែត្រ ផ្នែកខាងជើងលើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចំណុចខាងលើមាន៤គន្លង គឺ២គន្លងទៅ និង២គន្លងមកដោយមាទ្រូងនៅចំកណ្តាល ព្រមទាំងតភ្ជាប់រហូតដល់ផ្លូវវាងក្រុងជាការកែលម្អ សោភ័ណភាព និងសម្រាប់ជាការចូលរួមលម្អផ្លូវក្នុងក្រុងបាត់ដំបង ដើម្បីទាក់ទាញភ្ញៀវទេសចរដែលបានមកលេងទីក្រុងស្អាតផងដែរ។

ក្នុងឱកាសនោះ លោកបានអំពាវនាវដល់អ្នកបើកបររថយន្តប្រើប្រាស់លើផ្លូវនេះថា សូមនាំគ្នាចូលរួមទាំងអស់គ្នាគោរពឱ្យបានគឺ

* កុំដឹកអីវ៉ាន់លើសទម្ងន់ខុសពីច្បាប់ផ្លូវថ្នល់ដែលធ្វើឲ្យផ្លូវឆាប់ខូចខ្ទេចខ្ទាំ

* នាំគ្នាគោរពច្បាប់ដើម្បីសុវត្តិភាពចរាចរណ៍លើដងផ្លូវសាធារណៈ

* ត្រូវគោរពស្លាកសញ្ញាចរាចរណ៍ និងបើកក្នុងល្បឿនទៅតាមច្បាប់កំណត់ ស្រវឹងសូមកុំបើកបរ ដើម្បីចៀសវាងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងបានចូលរួមកាត់បន្ថយអត្រាស្លាប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅសល់តិចបំផុតជាការប្រសើរ៕