(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌកំបូល រាជរដ្ឋាភិបាលភ្នំពេញ បានលើកឡើងថា ស្រ្តីត្រូវដឹងថាសិទ្ធិរបស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយកសិទ្ធិទាំងនោះទៅជាន់លើសិទ្ធិអ្នកដទៃនោះទេ ម្យ៉ាងទៀតស្ត្រីគ្រប់រូបត្រូវដឹងថាសិទ្ធិរបស់ខ្លួននៅទីណាខ្លះ អាចទាមទារអ្វីខ្លះ។

ថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា កាលពីវេលាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានឱ្យដឹងថា ស្រ្តីពុំមែនមានសិទ្ធិតែ១ថ្ងៃនៃទិវាសិទ្ធិនារី៨មីនានោះទេ តាមច្បាប់គឺស្រ្តីមានសិទ្ធិរហូតដល់ទៅ៣៦៥ថ្ងៃគឺក្នុង១ឆ្នាំ។ ស្រ្តីមានសិទ្ធិជ្រើសរើសនូវអ្វីដែលពួកគេចង់ធ្វើនៅក្នុងជីវិត បំពេញការងាររបស់ខ្លួនទៅតាមការពេញចិត្ត ដូចជា ការសិក្សារៀនសូត្រ ការបំពេញការងារផ្សេងៗ ធ្វើជាម្ដាយ និងជាភរិយាជាដើម ដែលទាំងអស់នេះជាសិទ្ធិរបស់នារីគ្រប់រូប។

លោកស្រីបានថ្លែងទៀតថា សិទ្ធិនារី បានមកពីការតស៊ូមតិរវាងស្រ្តី និងដៃគូនៅក្នុងសង្គមគ្រួសារ ក៏ដូចជាដៃគូនៅក្នុងសង្គមការងារ និងដៃគូសង្គមជាតិ មានន័យថាសិទ្ធិរបស់ស្រ្តីពឹងផ្អែកនៅលើអ្នកទាំងអស់គ្នាផងដែរ។

លោកស្រី អ៉ឹង កន្ថាផាវី បានថ្លែងយ៉ាងដូច្នេះថា «ស្រ្តីក៏ត្រូវដឹងថាសិទ្ធិរបស់ខ្លួនមានអ្វីខ្លះ និងមិនត្រូវយកសិទ្ធិទាំងនោះទៅជាន់លើសិទ្ធិអ្នកដទៃនោះទេ ម្យ៉ាងទៀតស្ត្រីគ្រប់រូបត្រូវដឹងថាសិទ្ធិរបស់ខ្លួននៅទីណាខ្លះ អាចទាមទារអ្វីខ្លះ ហើយកុំឱ្យសិទ្ធិរបស់ខ្លួនទៅជាន់សិទ្ធិរបស់អ្នកដទៃឡើយ»

មួយវិញទៀត សិទ្ធិរបស់ស្ត្រី មនុស្សទូទៅទទួលស្គាល់ ធ្វើម៉េចឱ្យក្រុមគ្រួសាររបស់ខ្លួន សង្គមជាតិរបស់ខ្លួន ទទួលស្គាល់និងមានការការពាតាមប្រព័ន្ធច្បាប់ និងតាមប្រព័ន្ធគោលនយោបាយ។ នេះបើតាមការបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានគូសបញ្ជាក់ថា ហេតុអ្វីបានជាប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅលើសកលលោករម្លឹកនូវទិវានេះជារៀងរាល់ឆ្នាំ? នោះគឺដើម្បីរម្លឹកពីការតស៊ូរបស់ជីដូន ព្រោះមានអ្នកខ្លះបានស្លាប់នៅពេលធ្វើបាតុកម្មដើម្បីតស៊ូតមតិស្ដីពីសិទ្ធិនៅក្នុងសង្គមរបស់គាត់ ដើម្បីឱ្យគេទទួលស្គាល់នូវសិទ្ធិរបស់ស្រ្តី។

អ្វីដែលមនុស្សជំនាន់ក្រោយទទួលបានផលប្រយោជន៍សិទ្ធិស្រ្តីនាថ្ងៃនេះ គឺបានមកពីការតស៊ូរបស់ជីដូនរបស់ពួកគេ ហើយពួកគេដឹងហើយថានៅក្នុងប្រទេសកម្ពុជា ស្រ្តីទើបតែទទួលបានការបោះឆ្នោតនៅ១៩៥៥។ រីឯប្រទេសមួយចំនួនទៀត ទើបតែឆ្នាំ១៩៦០ជាងទេ ដោយឡែក ផលដែលស្ត្រីជំនាន់ក្រោយទទួលបានថ្ងៃនេះ ក៏ពុំមែនបានន័យថាអមតៈនោះដែរ ដូច្នេះទើបស្រ្តីនៅក្នុងប្រទេសនីមួយៗនៅលើសកលលោកនេះ សម្រេចចិត្តថាត្រូវតែអបអរសាទរទិវាអន្តរជាតិនារី ដើម្បីរម្លឹកនូវការតស៊ូនេះ។

សូមបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២នេះ ស្ថិតក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដោយមានគោលបំណងរំលេចអំពីតម្លៃនៃសមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រ ជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី និងសុខមាលភាពសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធិភាព ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលលើការអនុវត្តកំណែទម្រង់ស៉ីជម្រៅ៕