(ភ្នំពេញ)៖ នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ទិវានារីអន្តរជាតិ ៨មីនា លើកទី១១១ ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិក សមាជិកាព្រឹទ្ធសភា មន្ដ្រីរាជការ អគ្គលេខាធិការព្រឹទ្ធសភា សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋងាយរងគ្រោះជារៀងដរាបតទៅ។

ជាមួយគ្នានេះដែរ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា សម្ដេចជាអ្នកដឹកនាំស្ដ្រីដ៏ឆ្នើមមួយរូប និងជាមាតាមនុស្សធម៌របស់ប្រជាពលរដ្ឋគ្រប់រូប ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ ប្រាជ្ញាសា្មរតី ក្នុងការបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្ដមក្នុងបុព្វហេតុ នៃការងារមនុស្សធម៌ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជនកម្ពុជា ហើយក៏បានដើរតួនាទី យ៉ាងសំខាន់ក្នុងការជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋនៅទូទំាងប្រទេស ដែលជួបប្រទះការខ្វះខាត ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត រហូតធ្វើឱ្យកិត្ដិនាមនៃការកាកបាទក្រហមកម្ពុជា ទទួលបាននូវភាពល្បីរន្ទឺ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ»

ក្នុងឱកាសនេះ «យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយលើកលោក គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី ឬទ្ធិបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ សូមជួបប្រទះតែសេចក្ដីសុខចម្រើន មានសុភមង្គល ក្នុងក្រុមគ្រួសារ ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ គោរពផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖