(ភ្នំពេញ)៖ លោក ជិន ម៉ានី អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញបកស្រាយ និងពន្យល់លម្អិតបន្ថែមទៀត ពាក់ព័ន្ធសំណុំរឿងរបស់ លោក កឹម សុខា បន្ទាប់លោកមើលឃើញថា លោក កឹម សុខា និងមេធាវី កំពុងព្យាយាមបំភ្លៃសាធារណមតិ អំពីវីដេអូភស្ដុតាងថាជាវីដេអូកាត់ត។

ខាងក្រោមនេះជាខ្លឹមសារបកស្រាយ និងពន្យល់ទាំងស្រុងរបស់ លោក ជិន ម៉ាលីន៖

ខ្ញុំសូមជូននូវការពន្យល់ បកស្រាយ និងព័ត៌មានបន្ថែម ពាក់ព័ន្ធសំណុំរឿង លោក កឹម សុខា ក្នុងនាមជាអ្នកដែលបានសង្កេត និងតាមដានសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក ចំនួន៤ចំណុចសំខាន់ៗ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងការអនុវត្តជាអន្តរជាតិ ដូចតទៅ៖

១៖ ភាគីលោក កឹម សុខា និងមេធាវី កំពុងព្យាយាមធ្វើការបំភ្លៃសាធារណមតិ អំពីវីដេអូដែលជាភស្តុតាងក្នុងសំណុំរឿងនេះ ថាជាវីដេអូកាត់ត ព្រោះខ្លួនដឹងថា ចំណុចស្លាប់រស់ក្នុងសំណុំរឿងនេះ គឺជាភស្តុតាងវីដេអូឃ្លីបនេះឯង គួបផ្សំជាមួយភស្តុតាងជាច្រើនផ្សេងទៀត។

២៖ ពាក់ព័ន្ធខ្លឹមសារនៃវីដេអូដែលជាភស្តុតាងក្នុងសំណុំរឿងនេះ មានចំណុចសំខាន់គួរឱ្យកត់សម្គាល់ចំនួន២ ដែលសាធារណជន និងអ្នកសង្កេតការណ៍ក្នុងសវនាការសង្កេតឃើញនាពេលកន្លងមកគឺ៖

ទី១៖ ភស្តុតាងជាវីដេអូ គឺរឹងមាំណាស់ ពុំមែនជាវីដេអូក្លែងក្លាយ ហើយក៏គ្មានការកាត់តខ្លឹមសារអ្វីឡើយ។ ភាគីលោក កឹម សុខា បានយកវីដេអូដើមមកផ្ទៀងផ្ទាត់ នៅក្នុងសវនាការរបស់តុលាការរួចហើយ គឺខ្លឹមសារនៃសំដីរបស់លោក កឹម សុខា នៅក្នុងវីដេអូភស្តុតាងដើម និងខ្លឹមសារ នៃវីដេអូពេញលេញដែលភាគីលោក កឹម សុខា ដាក់ជូនតុលាការ គឺដូចគ្នាបេះបិទ គ្រាន់តែភាគី លោក កឹម សុខា យកវីដេអូពេញលេញដែលមានរយៈពេលជាងមួយម៉ោង ហើយដែលកន្លែងខ្លះគ្មានខ្លឹមសារពាក់ព័ន្ធសំណុំរឿង យកមកផ្ទៀងផ្ទាត់ ប៉ុន្តែតុលាការត្រូវការតែខ្លឹមសារ ដែលពាក់ព័ន្ធនឹងរឿងឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមបែបបដិវត្តន៍ពណ៌តែប៉ុណ្ណោះ ដើម្បីធ្វើជាភស្តុតាងក្នុងសំណុំរឿង។

ទី២៖ ចំពោះវីដេអូ គឺប្រជាពលរដ្ឋដឹងគ្រប់គ្នាទាំងអស់ថា ក្នុងវីដេអូនោះលោក កឹម សុខា ខ្លួនឯងបាននិយាយរៀបរាប់អំពីផែនការដែលគាត់បានរៀបចំជាសម្ងាត់យូរមកហើយ ជាមួយបរទេស ដោយរាប់តាំងពីការជ្រើសរើសយកគាត់ទៅបណ្តុះបណ្តាលនៅបរទេស រហូតដល់ការដឹកនាំធ្វើសកម្មភាពក្នុងស្រុក ដោយមានការជួយ ឬចូលរួមពីបរទេស។ ផែនការដែលបានរៀបចំជាមួយបរទេសនោះ គឺផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដោយយកគំរូតាមស៊ែរប៊ី-យូហ្គូស្លាវី។ ប្រជាជនខ្មែរ បានដឹងអំពីរឿងនេះ និងដឹងអំពីខ្លឹមសារនៃការឃុបឃិតគ្នាជាមួយបរទេសនេះយ៉ាងច្បាស់នៅក្នុងវីដេអូដែលបានផ្សព្វផ្សាយជាសាធារណៈ។

ទី៣៖ ចំពោះរឿងបរទេសមួយណា គឺតុលាការបានសម្រេចប្រើអក្សរជាតំណាងរដ្ឋបរទេស ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជាជាមួយបរទេស។ ហើយរឿងបរទេសជួយដល់ជនជាប់ចោទនាពេលធ្វើសកម្មភាព គឺសាមីខ្លួនបានដឹងច្បាស់ណាស់ថាអ្នកណាខ្លះជួយ ហើយភស្តុតាងក្នុងសំណុំរឿង ក៏មានច្រើនណាស់។ កុំថាឡើយការធ្វើសកម្មភាពនានារបស់ជនជាប់ចោទ សូម្បីតែកម្មវិធីនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ ក៏បរទេសជួយរៀបចំធ្វើអោយដែរ។ ប្រជាជនដឹងថា ភស្តុតាងក្នុងសំណុំរឿងមានច្បាស់ទាំងអស់ហ្នឹង។

ទី៤៖ ចំពោះការចោទប្រកាន់ថា មានការអូសបន្លាយពេលវេលានៃសំណុំរឿងនេះ គឺជារឿងមិនសមស្របទេ ព្រោះរឿងនេះ ជាសំណុំរឿងដ៏ធំដែលពាក់ព័ន្ធដល់សន្តិសុខជាតិ ហើយភស្តុតាងមានច្រើនដែលត្រូវពិនិត្យ ហើយភាគីនៃសំណុំរឿងមានសិទ្ធិក្នុងការដាក់បន្ថែមភស្តុតាងដើម្បីការពាររៀងៗខ្លួន។ តុលាការ ត្រូវដំណើរការដោយត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ ដើម្បីធានាថា សិទ្ធិរបស់ភាគីត្រូវបានធានា ជាពិសេស សិទ្ធិការពារខ្លួនរបស់ជនជាប់ចោទ។

នៅស្រុកគេខ្លះ គេមាននីតិវិធីមួយ គឺ «To plead guilty» ឬ «Se plaider coupable» ដែលជនជាប់ចោទគាត់សហការសារភាព និងផ្តល់ភស្តុតាងថា គាត់បានប្រព្រឹត្តមែន ដើម្បីទទួលបានស្ថានសម្រាល ជាពិសេសក្នុងសំណុំរឿងដែលអាជ្ញាធរ ឬរដ្ឋអាជ្ញាមានភស្តុតាងរឹងមាំក្នុងដៃដែលជនជាប់ចោទរើខ្លួន ឬដោះខ្លួនមិនរួច។ នៅពេលជនជាប់ចោទជ្រើសរើសយុទ្ធសាស្រ្ត «To plead guilty» គឺនឹងធ្វើអោយសំណុំរឿងឆាប់ចប់ ហើយជនជាប់ចោទទទួលបានស្ថានសម្រាលទោស។ នៅប្រទេសគេខ្លះ នីតិវិធីនេះជាការពេញនិយមណាស់សម្រាប់ជនជាប់ចោទដែលដឹងខ្លួនខុស ហើយយល់ថា អាជ្ញាធរ ឬតុលាការមានភស្តុតាងរឹងមាំក្នុងដៃអស់ហើយ។

នៅក្នុងសំណុំរឿងលោក កឹម សុខា នេះ ក៏ដូចគ្នាដែរ គឺសំណុំរឿងនេះ មានភស្តុតាងរឹងមាំណាស់ ហើយក្នុងនាមជាអ្នកតាមដាន និងសង្កេតលើសំណុំរឿងជាច្រើននាពេលកន្លងមក ខ្ញុំមិនដែលឃើញសំណុំរឿងដែលមានភស្តុតាងរឹងមាំ និងស៉ីចង្វាក់គ្នាយ៉ាងល្អដូចសំណុំរឿងមួយនេះទេ។

ជាទស្សនៈផ្ទាល់ខ្លួន ក្នុងសំណុំរឿងដែលគេមានភស្តុតាងដាក់បន្ទុករឹងមាំ និងស៉ីចង្វាក់គ្នាល្អបែបនេះ ជនជាប់ចោទគួរប្រើយុទ្ធសាស្រ្ត «To plead guilty» ដើម្បីសុំឱ្យតុលាការផ្តល់ស្ថានសម្រាលទោស និងដើម្បីឱ្យនីតិវិធីឆាប់ចប់ ហើយយុទ្ធសាស្រ្តនេះ ក៏ត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសប្រជាធិបតេយ្យធំៗជាច្រើនផងដែរ៕