(ភ្នំពេញ)៖ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចូលរួមជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី០៨ មីនា ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដេីម្បីចីរភាពនាពេលអនាគត» ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ទាំងលោកស្រី ម៉ាណ ណាវី និងលោក ឯក ឃុនដឿន បានបញ្ជាក់ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ឱកាសទូលាយចំពោះស្រ្តីអោយចូលរួមការងារសង្គម នយោបាយ និងពាណិជ្ជកម្មជាដើម។ ស្រ្តីជាច្រើនបានកំពុងកាន់តួនាទីជាអ្នកសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ រាជរដ្ឋាភិបាលបានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ និងសង្គម គ្រួសារ និងសង្គមមិនអាចខ្វះស្ត្រីបានឡើយ។

លោកស្រី បានក្រើនរំលឹកឲ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពស្រ្តី និងក្មេងស្រីសម្រាប់បន្តវេន ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំងពីមត្តេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឲ្យលះបង់ការសិក្សានៅគ្រប់កម្រិត និងការទប់ស្កាត់មិនឲ្យមានអំពើហិង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រីនៅក្នុងសាលា និងឲ្យមានការអនុវត្តឲ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ៕