(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសារទរខួបលើកទី១១១ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេល អនាគត»។ ពិធីនេះស្ថិតក្រោមវត្តមានលោកស្រី កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ រាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក។

លោក ជា ពិសី បានថ្លែងកោតសរសើរចំពោះ លោកស្រីជាថ្នាក់ដឹកនាំខណ្ឌ និងមន្ដ្រីទាំងអស់ ដែលបាននឹងកំពុងខិតខំប្រឹងប្រែង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការលើកកម្ពស់បរិយាប័ន្ន និងសមធម៍សង្គម ដើម្បីស្ត្រីនិងកុមារ និងជនងាយរងគ្រោះ ទទួលបានកិច្ចការពារសិទ្ធនិងផលប្រយោជន៍។

នៅក្នុងឱកាសនេះដែរ លោក ជា ពិសី ក៏បានថ្លែងផ្តាំផ្ញើដល់មន្ដ្រីពាក់ព័ន្ធ សូមបន្ថែមការយកចិត្តទុកដាក់ជំរុញលើកកម្ពស់ស្ត្រី និងក្មេងស្រីគ្រប់រូបភាពដូចជា៖

*ជំរុញលើកទឹកចិត្តមាតាបិតា ឲ្យកូនស្រីបានរៀនសូត្រខ្ពង់ខ្ពស់ដូចកូនប្រុសដែរ។
*ដាក់ទោសឲ្យស័ក្កសមចំពោះជនល្មើសដែលបានរំលោភបំពានលើស្ត្រី។
*បន្តតាមដានការលើកកម្ពស់សុខភាពស្ត្រី និងមាតា។
*បន្តកិច្ចការឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងគ្រួសារក្រីក្ររងគ្រោះក្នុងបរិបទជំងឺកូវីដ-១៩។
*អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ សូមជំរុញឲ្យស្ត្រីក៏ដូចជាប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ក៏ដូចជាជំរុញស្ត្រីជាម្តាយ ឲ្យនាំកូនដែលមានអាយុពី៣ទៅ៥ឆ្នាំ មកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ៕