(ភ្នំពេញ)៖ ក្រោយបញ្ចប់សន្និសីទអាស៊ានណាប៉ូលលើកទី៤០ ឆ្នាំ២០២២ (40th ASEANAPOL GOLF TOURNAMENT 2022) កម្ពុជាបានរៀបចំការប្រកួតកីឡាវាយកូនគោលពានរង្វាន់អាស៊ានណាប៉ូល ដើម្បីចូលរួមអបអរសាទរសន្និសីទអាស៊ានណាប៉ូលនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជួយលើកកម្ពស់ផ្សព្វផ្សាយអំពីកីឡាវាយកូនគោលកម្ពុជាទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ាន។

គួរជម្រាបថា កម្ពុជាដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ឆ្នាំ២០២២ (The 40th ASEANAPOL CONFERENCE) ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»។ សន្និសីទនេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១-៥ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

ការប្រកួតកីឡាវាយកូនគោលនេះត្រូវបានរៀបចំឡើងនៅទីលានវឌ្ឍនៈរីស៊ត ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសន្និសីទអាស៊ានណាប៉ូលលើកទី៤០ និងមានការចូលរួមពីថ្នាក់ដឹកនាំបណ្តាប្រទេសសមជិកអាស៊ាន។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ តំណាងនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន បានឲ្យដឹងថា ការប្រកួតកីឡាវាយកូនគោលនេះ គឺដើម្បីចូលរួមអបអរសាទរសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជួយលើកកម្ពស់ផ្សព្វផ្សាយអំពីកីឡាវាយកូនគោលកម្ពុជាទៅកាន់បណ្តាប្រទេសដែលជាសមាជិកអាស៊ាន។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា ការប្រកួតនេះគឺជាព្រឹត្តិការណ៍អមជាមួយសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដើម្បីបង្កើនបរិយាសកាសសប្បាយរីករាយ និងរឹតចំណងមិត្តភាព សាមគ្គីភាពឲ្យកាន់តែស្អិតល្មួតបន្ថែមទៀតរវាងថ្នាក់ដឹកនាំនគរបាលប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការពង្រឹងសន្តិសុខក្នុងតំបន់។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានឲ្យដឹងដែរថា ការជួបជុំក្នុងសន្និសីទអាស៊ានណាប៉ូលលើកទី៤០នេះ ថ្វីដ្បិតមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែបានបង្កើតនូវភាពជឿជាក់លើគ្នាទៅវិញទៅមកក្នុងឆន្ទៈតែមួយ តាមរយៈការលេងកីឡាដើម្បីសុខភាព និងផ្សារភ្ជាប់មិត្តភាពឲ្យកាន់តែល្អបន្ថែមទៀត ក្នុងនាមជាមហាគ្រួសារអាស៊ាន។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបង្ហាញការជឿជាក់ថា ការធ្វើដំណើរវិវត្តរបស់គណៈប្រតិភូទាំងអស់នឹងនាំយកនូវការចងចាំទាំងឡាយ ដែលអាចចាត់ទុកថាជាកម្រងអនុស្សាវរីយ៍ពោរពេញដោយភាពស្និទ្ធស្នាល មានអត្ថន័យជ្រាលជ្រៅ មានគុណតម្លៃដ៏ឧត្តុងឧត្តម។

ការប្រកួតកីឡាវាយកូនគោលពានរង្វាន់អាស៊ានណាប៉ូលនេះមានការបែងចែកជាក្រុមប្រកួតចំនួន២ក្រុម៖ ក្រុមទី១ ការប្រកួតសម្រាប់ថ្នាក់ដឹកនាំ VIP ដោយកីឡាករវាយចេញពីទីពណ៌ស និងក្រុមទី២ ការប្រកួតសម្រាប់អ្នកតំណាងប្រទេសនីមួយៗ ដោយក្នុងមួយប្រទេសមានកីឡាករ៤រូប ហើយការវាយកូលគោលគឺវាយចេញពីទីពណ៌មាស។

សម្រាប់លទ្ធផលនៃការប្រកួត រួមមាន៖

* លទ្ធផលការប្រកួតឯកត្តជន Gross Score៖ លេខ១បានទៅលើកីឡាករកម្ពុជា សរ សិទ្ធិ, លេខ២ កីឡាករថៃ កមគ្រីត ស៊ុខថៃ (Komkrit SUKTHAI) និងលេខ៣ កីឡាករឥណ្ឌូណេស៊ី នូរដាណា (NURDANA)។

* លទ្ធផលការប្រកួតជាក្រុម៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករកម្ពុជា ដែលមានកីឡាករ៤រូប គឺលោកឧត្តមសេនីឯក សរ សិទ្ធិ លោកឧត្តមសេនីឯក ស ថេត លោក លី ហុង លោក អ៉ីម រាហ៊ុល, ក្រុមលេខ២បានទៅលើក្រុមកីឡាករឥណ្ឌូណេស៊ី និងលេខ៣បានទៅលើក្រុមកីឡាករថៃ។

* កីឡាករ VIP ដែលឈ្នះពិន្ទុសរុប ឬ Gross Score Winner)៖ លេខ១បានទៅលោកឧត្តមសេនីឯក ម៉ៅ ពៅ, លេខ២ លោកឧត្តមសេនីឯក សូ ខនបញ្ញារិទ្ធ, លេខ៣ លោក មួន សារ៉ន។ សម្រាប់កីឡាករថៃ ចំណាត់ថ្នាក់លេខ១បានទៅលើលោក វិស្ណុ ប្រាសាទទងឱសថ (VISANU PRASATTONGOSOTH) ចំណាត់ថ្នាក់លេខ២ បានទៅលើនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងចំណាត់ថ្នាក់៣ បានទៅលើនាយឧត្តមសេនីយ៍ កែវ វណ្ណថន៕