(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន៤៥០នាក់ ជាសមាជិកថ្មីចំណុះឲ្យគណៈកម្មាធិការគណបក្សសង្កាត់ទួលង្កែទី១។

ក្នុងពិធីនោះ លោក អូស្មាន ហាស្សាន់ បាននូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សជូនដល់សមាជិកបក្សទាំង៤៥០រូប ដែលទើបបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

លោកក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ បទពិសោធន៍ ក្នុងដឹកនាំប្រទេស ដែលបានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ ហើយកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។

លោកបន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។ លោក បានបន្ថែម សមាជិក គណបក្សម្នាក់ គឺជាសន្លឹកឆ្នោតមួយសំឡេងដែលនឹងត្រូវបោះឆ្នោតជូនគណបក្សនាពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងការបោះឆ្នោតសកលឆ្នាំ២០២៣។

លោក អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋដែលបានសម្រេចចិត្តចូលរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយនេះ គឺជាការជ្រើសរើសដ៏ត្រឹមត្រូវក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ប្រធានគណបក្ស ដែលតែងតែបានគិតគូដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាដែលពិភពលោកទាំងមូលកំពុងរងគ្រោះដោយជំងឺកូវីដ១៩ សម្តេចតេជោ បានកំណត់យកការចាក់វ៉ាក់សាំងបង្ការ ជាវិធានការយុទ្ធសាស្រ្តគន្លឹះ, បច្ចុប្បន្នកម្ពុជាសម្រេចបានសន្ទទស្សន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជិតគ្រប់តាមផែនការកំណត់ និងកំពុងចាក់ដូសទី៤ បន្តទៀត ដើម្បីកាត់បន្ថយការឆ្លង និងការឈឺធ្ងន់។

មុននឹងបញ្ចប់ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានកូនចាប់ពីអាយុក្រោម ៥ឆ្នាំ ដល់អាយុ៣ឆ្នាំ ត្រូវនាំទៅចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដូសមូលដ្ឋាន ឬហៅថាដូសទី១ តាមការណែនាំរបស់អាជ្ញាធរមានសត្ថកិច្ច៕