(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ ៧ចំណុច ដើម្បីរួមចំណែកការពារ និងថែរក្សាមរតកវប្បធម៌ជាតិ។

អនុសាសន៍របស់តំណាងសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅ នៅសាលសន្និសីទចតុម្មុខ។

លោកស្រីបណ្ឌិត ម៉ែន សំអន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមផ្តល់ព័ត៌មានថ្មីៗ ក៏ដូចជាអនុសាសន៍មួយចំនួនដូចតទៅ៖

* ទី១៖ ពាក់ព័ន្ធនឹងធនធានសម្រាប់បំពេញការងារ ពិសេសធនធានហិរញ្ញវត្ថុ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវប្រើប្រាស់ធនធានប្រកបដោយភាពសន្សំសំចៃខ្ពស់ ដោយក្នុងនោះត្រូវពង្រឹងការអនុវត្តចំណាយតែលើការងារណាដែលចាំបាច់។ ក្នុងស្មារតីនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ពិសេសធនធានដែលអាចជួសជុលនិងទាញយកមកប្រើឡើងវិញបាន ព្រមទាំងការកៀរគរធនធានពីដៃគូនានា ដូចជា មន្ត្រីចូលនិវត្តន៍ អង្គការ សមាគម អាចារ្យ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ សិស្ស-និស្សិតស្ម័គ្រចិត្ត និងប្រជាជននៅមូលដ្ឋាន តាមរយៈការផ្តល់ការលើកទឹកចិត្តទៅតាមលទ្ធភាពជាក់ស្ដែង។ ទន្ទឹមគ្នានេះដែរ មន្ត្រីទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់មន្ត្រីរបស់ខ្លួន និងត្រូវស្វែងយល់អំពីកម្មវិធីកំណែទម្រង់ទាំងអស់របស់រាជរដ្ឋាភិបាល ដើម្បីងាយស្រួលអនុវត្តការងារឱ្យទាន់សភាពការនិងមានប្រសិទ្ធភាព ព្រមទាំងត្រូវធ្វើអាទិភាពការងារណាដែលត្រូវបំពេញមុននិងអ្វីដែលត្រូវធ្វើជាបន្តបន្ទាប់ ដោយសារយើងមានធនធានតិច ប៉ុន្តែទំហំការងារមានច្រើន។

* ទី២៖ ការអភិរក្សនិងការអភិវឌ្ឍវប្បធម៌ជាតិ អាចប្រកបដោយចីរភាពទៅបាន គឺអាស្រ័យដោយមានការចូលរួមពីសំណាក់ប្រពលរដ្ឋគ្រប់រូប ពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានមរតកវប្បធម៌ស្ថិតនៅ។ ក្នុងន័យនេះ ខ្ញុំក៏ស្នើសុំអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់និងបង្ក្រាបឱ្យបានភ្លាមៗ នូវរាល់បទល្មើសបំផ្លាញសំណង់បុរាណនិងបុរាណដ្ឋាន ដែលកំពុងកើតឡើងស្ទើររាល់ថ្ងៃនៅទូទាំងប្រទេស។ ការថែរក្សាការពារតឹកតាងប្រវត្តិសាស្ត្រ និងវប្បធម៌អាចទទួលបានជោគជ័យនិងមាននិរន្តរភាពទៅបាន គឺតម្រូវឱ្យមានការចូលរួមគាំទ្រនិងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ ពិសេសអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ។

ជាមួយគ្នានេះដែរ ទោះបីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការផ្សព្វផ្សាយច្រើនអំពីសារៈសំខាន់នៃវប្បធម៌ និងគោលការណ៍ច្បាប់ពាក់ព័ន្ធបទល្មើសបុរាណដ្ឋានយ៉ាងណាក្ដី ខ្ញុំក៏សូមស្នើក្រសួងធ្វើការងារនេះបន្តទៀតឱ្យបានជាប់លាប់ដូចភ្លៀងរលឹម ពិសេសក្នុងចំណោមព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ យុវជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងត្រូវរៀបចំឱ្យមានផែនទីហានិភ័យនៃសំណង់បុរាណទាំងអស់ ដើម្បីងាយស្រួលគ្រប់គ្រងនិងធ្វើអន្តរាគមន៍ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់លើសំណង់បុរាណដែលមានភាពទ្រុឌទ្រោមខ្លាំង ហើយក្រសួងត្រូវដោះស្រាយបញ្ហាឱ្យអស់លទ្ធភាព និងគ្រប់មធ្យោបាយដែលមាន ដោយប្រើប្រាស់គ្រប់វិធានការទាំងអស់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមបុរាណដ្ឋាន រួមទាំងវិធានការផ្លូវច្បាប់ផងដែរ។

* ទី៣៖ ស្របពេលដែលកម្ពុជាបានចូលជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នីតិបុគ្គលនិងរូបវ័ន្តបុគ្គលទាំងអស់ ពិសេសប្រជាពលរដ្ឋខ្មែរដែលចូលចិត្តបង្កើតមាតិកានៅលើប្រព័ន្ធបណ្ដាញសង្គមដើម្បីទទួលបានការគាំទ្រ ឬដើម្បីគោលដៅផលប្រយោជន៍ផ្ទាល់ខ្លួនផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការយកស្នាដៃរបស់អ្នកដទៃឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃ ឬប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិឬម្ចាស់ប្រទេស។

កន្លងមក ម្ចាស់សិទ្ធិនៅក្នុងប្រទេសនានា បានប្ដឹងមកប្រទេសកម្ពុជា លើករណីបងប្អូនអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមក្នុងប្រទេសយើង បានយកស្នាដៃរបស់បរទេសមកបកប្រែ កែសម្រួល ឬប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ទោះបីបណ្ដឹងលើការរំលោភបំពានលើកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅមានតិចករណីនៅឡើយក្ដី ប៉ុន្តែវាក៏ជាសារមួយដែលអ្នកបង្កើតស្នាដៃសិល្បៈវប្បធម៌ទាំងអស់ ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីបង្ការកុំឱ្យមានការខាតបង់ជាយថាហេតុណាមួយកើតឡើង។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមស្នើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តធ្វើការផ្សព្វផ្សាយអនុសញ្ញានេះឱ្យបានទូលំទូលាយ ពិសេសដល់ក្រុមហ៊ុន ផលិតកម្ម និងប្រជាពលរដ្ឋដែលនិយមប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមទាំងអស់។

* ទី៤៖ ត្រូវបន្តកែលម្អកម្មវិធីសិក្សា របៀបបង្រៀន និងរៀន ពិសេសចំពោះមុខវិជ្ជាដែលប្រឈមនឹងការបាត់បង់ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ និងសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ដើម្បីបង្កើនគុណភាពនិងបរិមាណមូលធនមនុស្សនៅក្នុងវិស័យសិល្បៈវប្បធម៌។ ទន្ទឹមគ្នានេះ ក៏ត្រូវពិនិត្យលទ្ធភាពបើកឱ្យដំណើរការឡើងវិញនូវសាលាវិចិត្រសិល្បៈ ដែលមានស្រាប់ និងពង្រីកវគ្គបណ្ដុះបណ្ដាលជំនាញសិល្បៈវប្បធម៌ ពិសេសវគ្គបណ្ដុះបណ្ដាលខ្លីៗដល់យុវជនដែលកំពុងមានភាពសកម្មខ្លាំងក្នុងការបង្កើតមាតិកាសិល្បៈវប្បធម៌នៅលើប្រព័ន្ធបណ្ដាញសង្គម។

* ទី៥៖ ត្រូវសិក្សាអំពីកាលានុវត្តភាពថ្មីៗ ដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌កម្ពុជា ដូចជា ឥរិយាបថរបស់ប្រជាជនខ្មែរលើការថត Pre-Wedding នៅតាមបុរាណដ្ឋានវប្បធម៌ ពិសេសនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដោយជំរុញនិងសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយ និងការរៀបចំស្លៀកពាក់ឱ្យបានសមរម្យ និងត្រឹមត្រូវតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ។ ទន្ទឹមគ្នានេះ ក៏ត្រូវសិក្សាអំពីកាលានុវត្តភាពនៃគោលនយោបាយពាក់ព័ន្ធនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥, យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច២០២១-២០២៣, និងការដាក់ឱ្យដំណើរការ «ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា» ដែលអាចជាប្រយោជន៍ដល់ការជំរុញ និងអភិវឌ្ឍសិប្បកម្មនិងអាជីវកម្មក្នុងវិស័យសិល្បៈវប្បធម៌។

* ទី៦៖ ខ្ញុំសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរសជនទាំងនៅក្នុងនិងក្រៅប្រទេសទាំងអស់ សូមចូលរួមឱ្យបានកាន់តែសកម្មឡើងថែមទៀត តាមរយៈការបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ដើម្បីជួយអភិរក្សប្រាសាទបុរាណខ្មែរ សំណង់បុរាណ ក៏ដូចជាគម្រោងវប្បធម៌ផ្សេងៗដទៃទៀត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមធ្វើការកោតសរសើរដោយស្មោះ ចំពោះសប្បុរសជនជាច្រើនកន្លងមក ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន រួមចំណែកជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជួសជុលអភិរក្សប្រាសាទ និងព្រះវិហារបុរាណមួយចំនួន នាពេលកន្លងមក។ សកម្មភាពនេះ មិនត្រឹមតែជាបុណ្យកុសលនោះឡើយ តែក៏ជាគម្រូល្អសម្រាប់សង្គមជាតិយើងផងដែរ។

* ទី៧៖ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មីអូមីក្រង់ បាននិងកំពុងរីករាលដាលនៅក្នុងសហគមន៍យើងជាថ្មីម្ដងទៀត ខ្ញុំស្នើតួអង្គក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣កុំ និង ៣ការពារ និងអនុវត្តស្ដង់ដារប្រតិបត្តិ (SOP) ដែលបានដាក់ចេញឱ្យបានដិតដុល ទោះបីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទទួលបានជោគជ័យនៅទូទាំងប្រទេសក៏ដោយ។ យើងមិនត្រូវមានការធ្វេសប្រហែសជាដាច់ខាតចំពោះបញ្ហានេះ៕