(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពផ្លូវក្នុងសង្កាត់សំបួរមាស និងសង្កាត់បឹងកុក ក្រុងកំពង់ចាម។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ជាច្រើនខ្សែក្នុងក្រុងកំពង់ចាម របស់អាជ្ញាធរខេត្ត ក្នុងគោលបំណង រៀបចំសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឲ្យបានរួចរាល់មុនពេលរដូវភ្លៀងធ្លាក់។

មន្ត្រីបានបន្តថា ក្នុងដំណើរចុះពិនិត្យទីតាំងផ្លូវ ក្នុងសង្កាត់សំបួរមាស គឺដើម្បីស្ថាបនាផ្លូវបេតុងនៅទីនោះ និងរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀងផងដែរ។ ដោយឡែកនៅក្នុងសង្កាត់បឹងកុក លោកអភិបាលខេត្តចុះពិនិត្យមើលវឌ្ឍនភាព ផ្លូវនៅក្នុងផែនការដែលកំពុងធ្វើការស្ថាបនា។

គួរបញ្ជាក់ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២២ បាននិងកំពុងដំណើរការសាងសង់ ក្នុងនោះ មានផ្លូវបេតុងក្នុងសង្កាត់បឹងកុក ចំនួន៨ខ្សែ ស្មើនឹង១,៤០០ ម៉ែត្រ និងដាក់លូរំដោះទឹកភ្លៀង ប្រវែង១,៥២៩ម៉ែត្រ មុខកាត់ ៨ទឹក និងស្ថាបនាផ្លូវបេតុងនៅខាងភូមិថ្មគោល មានប្រវែង ២៥០ម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ។

លើសពីនេះ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យក្រុមហ៊ុនវិនិយោគ រៀបចំដាក់អំពូលភ្លើងតាមដងផ្លូវ តាមមាត់ទន្លេ ចាប់ពីសង្កាត់កំពង់ចាម រហូតមកដល់ស្នាក់ការគណបក្សប្រជាជនសង្កាត់បឹងកុក ដែលបានកំណត់ឲ្យរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕