(ព្រៃវែង)៖ បុរសល្មោភកាមតណ្ហាម្នាក់ បានចាប់ប៉ងរំលោភស្រ្តីមេម៉ាយ និងប្រើអំពើហិង្សា ដោយយកកំបិតចុងស្រួចចាក់បម្រុងសម្លាប់ចោលបណ្ដាលឱ្យរងរបួសលើដងខ្លួន៤កន្លែង។

លោក ជា ហេង អធិការនគរបាលស្រុកពាមជរ ខេត្តព្រៃវែង បានឱ្យភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ និងលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា លើស្ត្រីរងគ្រោះកាលពីវេលាម៉ោង ២១៖១០នាទីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅភូមិឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

លោកបានបន្តថា លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំង អធិការដ្ឋានចុះស្រាវជ្រាវ ឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនមុខសញ្ញាឈ្មោះ បាន សារឿន ហៅ ង៉ូយ អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។

លោកអធិការបានបន្តថា ជនសង្ស័យបានឡើងលើផ្ទះចូលដល់ក្នុងបន្ទប់ដេករបស់ជនរងគ្រោះខាងលើ ខណៈដែលម្ដាយនាងមិននៅផ្ទះ គោលបំណងរំលោភ តែត្រូវបានជនរងគ្រោះស្គាល់មុខហើយ ស្រែកឲ្យគេជួយ ខណៈនោះជនសង្ស័យក៏យកកូនកាំបិតចាក់លើជនរងគ្រោះធ្វើឲ្យរងរបួសចំនួន៤កន្លែង៖ ចំពោះ១កន្លែង ឃ្លៀកឆ្វេង១កន្លែង លើសន្លាក់ដៃ២កន្លែង រួចហើយដណ្ដើមយកទូរស័ព្ទដៃ ពីជនរងគ្រោះយកទៅលាក់ទុកនៅពំនូក ចំបើងថែមទៀត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានបានសារថា ខ្លួនពិតជាបានប្រព្រឹត្តមែន តែគោបំណងរំលោភសេពសន្ថវៈ ខ្លួនមិនបានយកលុយទេ ទូរស័ព្ទគ្រាន់តែយកទុកសិនតែប៉ុណ្ណោះ។ បច្ចុប្បន្ន សង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕