(ភ្នំពេញ)៖ ការបញ្ជាទិញ និងផលិតកម្មនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូប គឺកំពុងមានការកើនឡើង ទោះបីពិភពលោករងនូវវិបត្តិកូវីដ-១៩យ៉ាងណាក៏ដោយ។

ក្នុងឆ្នាំ២០២១ ការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងកាបូប មានការកើនឡើងជាង១៥ភាគរយ ប្រសិនបើប្រៀបធៀបជាមួយឆ្នាំ២០១៩ ប៉ុន្តែក៏បានលេចឡើងនូវបញ្ហាកង្វះកម្លាំងពលកម្មជាមួយគ្នានោះផងដែរ។

ការបញ្ជាក់ថា នេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

លោកឧកញ៉ា គង់ សាង បានបញ្ជាក់ជម្រាបថា «ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួន១១៣៨៩.៦លានដុល្លារអាមេរិក កើនឡើងប្រមាណ១,៥០៥លានដុល្លារអាមេរិក ស្មើនឹង១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន៨,០១៧លានដុល្លារ ស្បែកជើងមានចំនួន១,៣៩០លានដុល្លារ និងផលិតផលធ្វើដំណើរមានចំនួន១,៤៩០លានដុល្លារ ក្រៅពីនេះគឺផលិតផលវាយនភណ្ឌផ្សេងៗទៀត»

ភាគីទាំងពីរបានលើកឡើងអំពីបញ្ហាកង្វះកម្លាំងពលកម្មក្នុងវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប និងដំណោះស្រាយរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា តាមរយៈកិច្ចពិភាក្សា និងស្តាប់យោបល់គ្នាទៅវិញទៅមក ដើម្បីរួមគ្នាភាពជាដៃគូរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលអាចដោះស្រាយនូវបញ្ហានានាបន្តទៀត ជាពិសេសនៅក្នុងបរិបទកំណើននៃការបញ្ជាទិញកើនឡើងខ្ពស់ បណ្តាលឱ្យខ្វះខាតនូវកម្លាំងពលកម្ម។

លោករដ្ឋមន្ត្រីបានបន្តថា «ក្រសួងនឹងបន្តជំរុញឲ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងទីភ្នាក់ងារជ្រើសរើសឯកជនផ្តល់ការផ្គត់ផ្គង់ទៅដល់រោងចក្រ សហគ្រាស ដែលកំពុងតែមានតម្រូវការកម្លាំងពលកម្មខ្ពស់នេះ ដើម្បីបង្កើនចង្វាក់ផលិតកម្មផ្សេងៗរបស់ខ្លួន»

រដ្ឋមន្រ្តីក្រសួងការងារបានលើកឡើងទៀតថា ចំពោះវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាលជាមួយក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានចាត់ទុកជាវិស័យអាទិភាពដែលតម្រូវឲ្យមាននូវការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២១-២០២៤ ដែលផែនការយុទ្ធសាស្ត្រនេះនឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។

បើតាមប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បច្ចុប្បន្នសមាគមមានសមាជិកជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤៦២ទីតាំង ផលិតស្បែកជើងចំនួន១៣ទីតាំង និងផលិតផលធ្វើដំណើរចំនួន៩២ទីតាំង។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានណែនាំថា ដោយសារតែមានករណីកើនឡើងនូវជំងឺបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដូច្នេះទាមទារឲ្យខាងសមាជិករបស់សមាគម ដែលមានរោងចក្រ-សហគ្រាសអនុវត្តឲ្យបានល្អនូវគោលការណ៍ប្រតិបត្តិស្តង់ដាអប្បបរមា (SOP) របស់ក្រសួងឲ្យបានខ្ជាប់ខ្ជួនក្នុងការរក្សាបាននូវដំណើរការចង្វាក់ផលិតកម្ម ព្រមទាំងរក្សាការងារជូនកម្មករនិយោជិត។

លោករដ្ឋមន្ត្រីជំរុញឱ្យមានសហគមន៍សុខសាន្តនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន តាមរយៈបង្កើនទំនាក់ទំនងល្អ យោគយល់គ្នារវាងថៅកែ និងកម្មករនិយោជិត ដើម្បីជាផលប្រយោជន៍រួម៕