(ព្រះវិហារ)៖ អភិបាលថ្មីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានប្រកាសកាន់តំណែងហើយ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ ដោយលោក វុធ តារ៉ា អតីតអភិបាលរងស្រុកជាំក្សាន្ត ត្រូវបានតែងតាំងជាអភិបាលស្រុក ចំណែងលោក ជា គឹមសេង អតីតអភិបាលស្រុកជាំក្សាន្ត ត្រូវបានផ្ទេរភារកិច្ខមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃវិញ។

ពិធីផ្ទេរតំណែងនេះ ស្ថិតក្រោមវត្តមាន លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ការផ្លាស់ប្តូរតំណែងអភិបាលស្រុកជាំក្សាន្តនាពេលនេះ មិនមែនដោយសារការដកតំណែង ឬដោយសារមានកំហុសអ្វីទេ។ លោកថា «មូលហេតុដែលមានការផ្លាស់ប្តូរ ដោយសារតែអតីតលោកអភិបាលស្រុកចាស់ និងភរិយា ត្រូវការពេលវេលាចាំបាច់មួយដើម្បីព្យាបាលជំងឺ ចឹងហើយទើបរូបគាត់ព្រួយបារម្ភខ្លាចក្រែងរដ្ឋបាលស្រុក មិនបានមប្រើសេវាដិតដល់ជូនប្រជាពលរដ្ឋ និងរូបគាត់ចង់ផ្តល់ឱកាស ដល់មន្ត្រីបន្តវេន ទើបគាត់លះបង់តំណែងជាអភិបាលស្រុក ដោយស្នើសុំថ្នាក់ដឹកនាំ ដើម្បីមកបម្រើការនៅទីស្តីការក្រសួងមហាផ្ទៃវិញ»

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកជាំក្សាន្ត ពិសេសលោកអភិបាលស្រុកចាស់ ដែលកន្លងមក បានយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើការកសាងនិងអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវី១៩ និងមេរោគបំប្លែងថ្មីអូរមីក្រុង ដែលយើងត្រូវចាំបាច់រួមគ្នាបង្ការនិងទប់ស្កាត់ ដោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល។

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត លោក ប្រាក់ សុវណ្ណ បានធ្វើការណែនាំដល់លោកអភិបាលស្រុក ដែលទើបបានចូលកាន់តំណែងថ្មី ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង រួបរួមសហការគ្នា អនុវត្តការងារសំខាន់ៗរួមមាន៖

*ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពារក្រសួងសុខាភិបាល ទប់ស្កាត់ការរាលដាលជំងឺកូវី-១៩ជាពិសេសជំងឺបំលែងថ្មីអូរមីក្រុង
*បន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាព នយោបាយ ស្ថិរភាពសង្គមឲ្យបានល្អប្រសើរ ដោយលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនូវទូទាំងស្រុក
*ត្រូវលើកកម្ពស់ជាប្រចាំនូវរបៀបរបបបំពេញការងារ និងការបែងចែកភារកិច្ចគណៈអភិបាល ដែលបានកំណត់ ព្រមទាំងខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្តៃក្នុងឲ្យបានល្អ ក៏ដូចជាបញ្ជាជុំរុញការដោះស្រាយទំនាស់ដីធ្លី ទប់ស្កាត់ប្រជាពលរដ្ឋធ្វើចំណាកស្រុក ជុំរុញការចុះបញ្ជីរដីធ្លី ជុំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនៈភាពតាមការកំណត់៕