(កំពង់ឆ្នាំង)៖ ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ និងដើម្បីបង្ហាញពីឆន្ទៈចូលរួមសម្អាតទីក្រុងស្អាត នៅថ្ងៃនេះមន្ទីរទេសចរណ៍ខេត្ត បានសហការគ្នាជាមួយសាលាក្រុងកំពង់ឆ្នាំង មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សជាង៣០០នាក់ បាននាំគ្នាដើររើសសំរាម ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីឱ្យបានស្អាត ចាប់ពីចំណុចកំពង់ផែផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត បានថ្លែងថា យោងអនុក្រិត្យលេខ១៦៣ ស្ដីពីការកំណត់ទិវាជាតិទីក្រុងស្អាត របស់រាជរដ្ឋាភិបាល និងការជូនដំណឹងរបស់គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត ស្ដីពីការរៀបចំកម្មវិធីបញ្ជ្រៀបការយល់ដឹង និងការសំអាតទីក្រុងដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតនៅទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា។ ថ្ងៃនេះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សសរុបជាង៣០០នាក់ បានរួមគ្នារើសសំរាមនៅចំណុចមាត់កំពុងទឹកមាត់ទន្លេ ដែលជាចំណុចមានការចោលសំរាមច្រើនជាងគេ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គោលដៅនៃការរើសសំរាមនៅថ្ងៃនេះទី១ គឺចង់បញ្ជ្រៀបការយល់ដឹងតាមរយៈការផ្សព្វផ្សាយសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងទិវាជាតិទីក្រុងស្អាតលើកទី១០ កន្លងទៅនេះ ការរើសសំរាមថ្ងៃនេះ គឺយកគោលដៅដែលមានការចោលសំរាមច្រើនជាងគេក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមការសម្អាតសំរាម និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

មួយវិញទៀត នេះជាការរួមគ្នាចូលរួមរើសសំរាមថ្ងៃនេះ ក៏ចង់បង្ហាញនូវឆន្ទៈនូវការចូលរួមសម្អាតទីក្រុងកំពង់ឆ្នាំងយើងឱ្យមានសោភ័ណភាព ប្រកបដោយអនាម័យក្នុងគោលដៅលើកកម្ពស់សោភ័ ណភាព ក្រុងកំពង់ឆ្នាំងយើង ពិសេសក្រុងកំពង់ឆ្នាំងជាបេក្ខ ភាពចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ កាលពីឆ្នាំ២០២១ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានមន្ទីរទេចរណ៍ខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមភ្ញាក់រលឹកចូលរួមសម្អាតអនាម័យដោយទុកដាក់សំរាមឲ្យបានត្រឹមត្រូវមិនត្រូវបោះសំរាមចោលពាសវាល ពាសកាល តាមទីសាធារណៈ ដើម្បីឲ្យក្រុងកំពង់ឆ្នាំងយើងមានសោភ័ណភាព និងជាប់ចំណាត់ថ្នាក់ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតផងដែរ៕