(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកទាំង៩ បានអញ្ជើញប្រគល់បន្ទះសូឡា និងអំពូលភ្លើង១៤១គ្រឿង ជូនគ្រួសារអតីតយុទ្ធជនកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍ថា អតីតយុទ្ធជនចំនួន១៤១គ្រួសារ បានមកចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារចំនួនមួយហិតាកន្លះ និងផ្ទះមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១កន្លងមក។

ពិធីចាប់ឆ្នោតនាពេលនោះ បានធ្វើឡើងក្រោមអធិបតីលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្ថែមទៀតថា ក្នុងការរស់នៅរយៈពេលជិត មួយឆ្នាំកន្លងមកនេះ បងប្អូនជួបការលំបាកផ្លូវធ្វើដំណើរ ការប្រើប្រាស់ទឹក និងមិនទាន់មានប្រព័ន្ធអគ្គិសនីសម្រាប់ប្រើប្រាស់នៅឡើយ។ មួយផ្នែកទៀតរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្នុងរដូវវស្សា តែបច្ចុប្បន្ននេះសម្ដេចតេជោ បានចាត់ចែងឲ្យដំណើរការសាងសង់ផ្លូវប្រវែង១២គីឡូម៉ែត្រ នៅក្នុងភូមិ និងប្រព័ន្ធប្រឡាយរំដោះទឹក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់បងប្អូន។

លោក ងួន រតនៈ បានគោរពថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបង្កលក្ខណៈងាយស្រួលក្នុងជីវភាពរស់នៅដល់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជនជាអ្នកបានរួមចំណែកជាមួយសម្តេចតេជោ ក្នុងការអនុវត្តន៍នូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ។

អភិបាលខេត្តកំពង់ធំ បានបន្តទៀតថា ថ្ងៃនេះលោកបាននាំយកបន្ទះសូឡា និងអំពូលភ្លើង១៤១គ្រឿង មកផ្ដល់ជូនបងប្អូនអតីតយុទ្ធជនទាំង១៤១គ្រួសារ សម្រាប់ប្រើប្រាស់ និងប្រកាសឲ្យអភិបាលក្រុង-ស្រុកទាំង៩ បន្តសហការចងសម្ព័ន្ធមេត្រីភាពជួយឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនរបស់យើងដែលកំពុងរស់នៅទីនេះបន្តទៀត។

បងប្អូនអតីតយុទ្ធជនទាំង១៤១គ្រួសារ មានចិត្តរំភើបរីករាយយ៉ាងខ្លាំង និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទី បំផុតចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ងួន រតនៈ ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់អតីតយុទ្ធជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងសូមគោរពគាំទ្រជារៀងរហូតចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់៕