(ព្រៃវែង)៖ លោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បានដឹកនាំក្រុមការងារនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ចុះពិនិត្យនិងបានដាក់គ្រឿងចក្រកែលម្អរ និងជួសជុលផ្លូវមួយខែ្សដែលមានប្រវែង៨,៧០០ម៉ែត្រ ដែលឆ្លងកាត់ឃុំ ចំនួន ២ ដើម្បីបង្កលក្ខណៈងាយស្រួល និងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកប្រកបដោយភាពងាយស្រួល និងកាត់បន្ថយពេលវេលាចំណេញទាំងប្រាក់ចំណូលផងដែរ។

លោកអភិបាលស្រុក បានលើកឡើងថា ដោយបានការឧបត្ថម្ភគាំទ្រការចាក់ដីពីលោក ហ៊ឺ បាវី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះស្ដេច និងបានការឧបត្ថម្ភជាគ្រឿងចក្រសម្រាប់ការជួសជុល កែលម្អរផ្លូវពីមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមសហការក្នុងការអភិវឌ្ឍន៍ជួសជុលកែលម្អរផ្លូវមួយខ្សែនេះ សម្រាប់ទុកជាប្រយោជន៍រួមដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកដើម្បីបង្កលក្ខណៈងាយស្រួល ជាពិសេសសម្រាប់ដឹកកសិផលកសិកម្មទៅកាន់ទីផ្សារឆ្លងកាត់លើផ្លូវនេះ។

លោកអភិបាលស្រុក បានបន្តថា «ផ្លូវនេះ មានទទឹងចំនួន៨ម៉ែត្រ និងបណ្ដោយ៨,៧០០ម៉ែត្រ។ ក្នុងរយៈពេលជាងមួយសប្តាហ៍នេះនៅក្នុងស្រុកព្រះស្ដេច ក៏បានរៀបចំការជួសជុលកែលម្អរផ្លូវនេះបាន ប្រមាណជាង២០គីឡូម៉ែត្រមកហើយ។ ចំពោះការងារនេះគឺនៅតែជួសជុលជាបន្តបន្ទាប់ទៀត ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋមូលដ្ឋាននេះ»

ចំពោះការជួសជុលផ្លូវនេះដែរ ប្រជាពលរដ្ឋក៏បានអបអរសាទរ និងសប្បាយចិត្តរីករាយជាខ្លាំងចំពោះការជួសជុលផ្លូវនៅក្នុងភូមិឃុំស្រុករបស់ពួកគាត់ កាន់តែងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសគឺសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្មេងៗកុមារ ក្នុងការធ្វើដំណើរទៅសិក្សានៅតាមបណ្តាសាលារៀននានា នឹងទៅមណ្ឌលសុខភាពជាដើម។

លោកអភិបាលស្រុក ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែទាំផ្លូវមួយខ្សែនេះឲ្យបានគង់វង្សយូរអង្វែងដោយមិនត្រូវដឹកលើសទម្ងន់ដែលបង្កឲ្យខូចផ្លូវនោះទេ និងសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយត្រូវពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំរាល់ពេលធ្វើដំណើរម្តងៗនោះផងដែរ៕