(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឱ្យដឹងថា គណបក្សនយោបាយទាំងឡាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ អាចដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជនរបស់ខ្លួនទៅគណៈកម្មការ ឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

ការប្រកាសនេះធ្វើឡើងតាមរយៈក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញជាលើកទី២ ដើម្បីប្រកាសផ្សព្វផ្សាយអំពីនីតិវិធីនៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ាទាក់ទងនឹងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ សម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប។

នាឱកាសនោះ លោក នុត សុខុម បានលើកឡើងថា «គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ អាចដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជនរបស់ខ្លួនទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២»។

លោកបានបន្តថា ពាក្យសុំចុះបញ្ជីបេក្ខជនត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយសាមី។ លោកថា ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។

លោក នុត សុខុម បានបន្តទៀតថា គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) មានប្រតិទិនការងារ និងនីតិវិធីច្បាស់លាស់ក្នុងការទទួល និងពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។ បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គឃ.សប ត្រូវធ្វើការពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជនក្នុងរយៈពេលមួយថ្ងៃ បន្ទាប់មកត្រូវបិទផ្សាយជាសាធារណៈរយៈពេលយ៉ាងយូរ៣ថ្ងៃនូវបញ្ជីបេក្ខជនដែលបានពិនិត្យរួចនៅទីស្នាក់ការ គឃ.សប។

លោកអនុប្រធាន គ.ជ.ប បានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ត្រូវសម្រេចយល់ព្រម ឬបដិសេធលើពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរ- ឈ្មោះបោះឆ្នោត ហើយថាការដោះស្រាយពាក្យបណ្តឹងតវ៉ាទាក់ទងនឹងការចុះបញ្ជីបេក្ខជននេះមាននីតិវិធីដោះស្រាយដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕

ខាងក្រោមនេះជាសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំរវាង គ.ជ.ប៖