(ភ្នំពេញ)៖ លោក ឯក ឃុនដឿន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ បានបញ្ជាកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ ឱ្យចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រី១កន្លែង ជាថ្មីម្ដងទៀត ដែលគេស្គាល់ម្ចាស់ឈ្មោះ អាប៊ិន ជនជាតិវៀតណាម (រហ័សនាម១៨) និងដកហូតបានម៉ាស៉ីនភ្ជាប់ជាមួយតួទូរហ្គេមបាញ់ត្រី១គ្រឿងផងដែរ។

ការចុះបង្ក្រាបនេះ បានធ្វើឡើងក្រោយពីអាជ្ញាធរបានចុះបង្ក្រាបម្ដងរួចមកហើយកាលពីពេលថ្មីៗនេះ។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងបនល្បែងហ្គេមបាញ់ត្រី១កន្លែងនេះ បានធ្វើឡើងស្ថិតនៅសំណង់មិនរៀបរយ តាមបណ្ដោយផ្លូវលំ ខាងក្រោយមណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩ ភូមិ៤ (ហៅភូមិដើមអម្ពិល) ក្នុងសង្កាត់ច្រាំងចំរេះទី១ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

សូមជម្រាបថា លោក ឯក ឃុនដឿន កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាកម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ ឱ្យចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែងនេះ និងដកហូតបានវត្ថុតាងម៉ាស៉ីន ភ្ជាប់ជាមួយទូហ្គេមបាញ់ត្រី១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ ដើម្បីបន្តស្រាវជ្រាវ និងបន្តនីតិវិធី។

ការចុះទៅបង្ក្រាប ក៏បានកើតមានឡើងតាមរយៈសេចក្ដីរាយការណ៍ និងសំណូមពរពីសំណាក់ប្រជាពលរដ្ឋ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់រាល់បទល្មើសនានា សំដៅអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលផងដែរ៕