(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាស់តឿនដល់ អ្នកបង្កើតស្នាដៃសិល្បៈទាំងអស់ ចំពោះរឿងលួចចម្លងស្នាដៃពីអ្នកដទៃ ដោយគ្មានការអនុញ្ញាត ព្រោះជាហេតុនាំឲ្យពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់។

នេះជាការថ្លែងរបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ។

លោកស្រី ម៉ែន សំអន បានថ្លែងថា ស្របពេលដែលកម្ពុជាបានចូលជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ នីតិបុគ្គល និងរូបវ័ន្តបុគ្គលទាំងអស់ ពិសេសប្រជាពលរដ្ឋខ្មែរ ដែលចូលចិត្តបង្កើតមាតិកានៅលើប្រព័ន្ធបណ្ដាញសង្គម ដើម្បីទទួលបានការគាំទ្រ ឬដើម្បីគោលដៅផលប្រយោជន៍ផ្ទាល់ខ្លួនផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការយកស្នាដៃរបស់អ្នកដទៃ ឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃ ឬប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិ ឬម្ចាស់ប្រទេស។

លោកស្រីបានបន្តថា កន្លងមក ម្ចាស់សិទ្ធិនៅក្នុងប្រទេសនានា បានប្ដឹងមកប្រទេសកម្ពុជា លើករណីបងប្អូនអ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមក្នុងប្រទេសយើង បានយកស្នាដៃរបស់បរទេសមកបកប្រែ កែសម្រួល ឬប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

លោកស្រីបានបញ្ជាក់បន្តយ៉ាងដូច្នេះថា «ទោះបីបណ្ដឹងលើការរំលោភបំពានលើកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅមានតិចករណីនៅឡើយក្ដី ប៉ុន្តែវាក៏ជាសារមួយដែលអ្នកបង្កើតស្នាដៃសិល្បៈវប្បធម៌ទាំងអស់ ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីបង្ការកុំឱ្យមានការខាតបង់ជាយថាហេតុណាមួយកើតឡើង។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមស្នើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តធ្វើការផ្សព្វផ្សាយអនុសញ្ញានេះឱ្យបានទូលំទូលាយ ពិសេសដល់ក្រុមហ៊ុន ផលិតកម្ម និងប្រជាពលរដ្ឋដែលនិយមប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមទាំងអស់»

នៅកម្ពុជាសព្វថ្ងៃ ការចម្លងស្នាដៃពីអ្នកដទៃមានច្រើនណាស់ ពិសេសការផលិតបទចម្រៀង។ អ្នកបំពានទាំងនោះ បានធ្វើសកម្មភាពល្មើសច្បាប់ តាមរយៈការយកបទចម្រៀងម្ចាស់ដើមមកច្រៀងឡើងវិញ (Cover) ឬយកតែសាច់ភ្លេងមកនិពន្ធទំនុកច្រៀងថ្មី ឬយកបទពីបុរាណទៅកែសម្រួលប្រើប្រាស់ ដោយគ្មានការអនុញ្ញាតឡើយ។

កម្ពុជា គឺជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈ ដែលក្នុងន័យនេះ រូបវ័ន្តបុគ្គល ឬនីតិបុគ្គលណា ដែលយកស្នាដៃអន្តរជាតិ មកប្រើប្រាស់ដោយគ្មានការអនុញ្ញាត ជាអំពើល្មើសច្បាប់។ ចំពោះស្នាដៃជាតិវិញ គឺកម្ពុជាមានច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល សម្រាប់ការពារ។

បន្ទាប់ពីកម្ពុជាចូលជាភាគីពេញសិទ្ធិនៃអនុសញ្ញាទីក្រុងប៊ែន ដែលនឹងត្រូវអនុវត្តជាធរមាន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងវប្បធម៌ បានអំពាវនាវដល់អ្នកនិពន្ធ សិល្បករ សិល្បការិនី អាជីវករ ក្រុមហ៊ុន សិស្សនិស្សិតទាំងអស់ ត្រូវបង្កើនសមត្ថភាព បង្កើតស្នាដៃថ្មីៗឲ្យបានច្រើនដោយខ្លួន ឯង និងចៀសវាងការលួចចម្លងស្នាដៃពីអ្នកដទៃ។

លោក ឡុង ប៉ុណ្ណាស៉ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានឲ្យដឹងថា បើសិនជាយកស្នាដៃពីអ្នកដទៃត្រូវមានការអនុញ្ញាត ដើម្បីកុំឲ្យមានការប្តឹងផ្តល់ និងគេចផុតពីផ្លូវច្បាប់៕