(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយក៏ជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកទឹកចិត្តឱ្យប្រតិភូអាស៊ានណាប៉ូលទាំងអស់ ខិតខំបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិេសសទប់ស្កាត់ភេរវកម្ម នៅក្នុងតំបន់អាស៊ាន។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឱ្យប្រតិភូអាស៊ានណាប៉ូល ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព គ្រាដែលប្រតិភូអាស៊ានណាប៉ូល មកចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤០ នៅរាជធានីភ្នំពេញ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវភាពរីករាយចំពោះ កិច្ចសហប្រតិបត្តិការរវាងអាស៊ានណាប៉ូល ដែលអាចទប់ស្កាត់នូវអំពើភេរវកម្មទាន់ពេលវេលា ក្នុងន័យនេះសម្តេចតេជោ បានលើកទឹកចិត្ត ឱ្យអាស៊ានណាប៉ូលទាំងអស់គ្នាបន្តកិច្ចសហប្រតិបត្តិការថែមទៀត ជាពិេសសទប់ស្កាត់អំពើភេរវកម្មទាំងឡាយណា ដែលប្រែក្លាយអាស៊ានទៅជាសេរ៉ូ ( Zero) ភេរវកម្ម។

សម្តេចតេជោ ក៏បានលើកទឹកចិត្តផងដែរ ឱ្យអាស៊ានណាប៉ូលទាំងអស់ ចែករំលែកនូវបទពិសោធព័ត៌មាន ហើយក៏ចង់ឱ្យអាស៊ានណាប៉ូលក្លាយជាអគ្គរដ្ឋទូត ដើម្បីពង្រីកពង្រឹងទំនាក់ទំនងរវាងប្រទេសផង និងជំរុញពាណិជ្ជកម្មរបស់សមាជិកអាស៊ាននៅក្នុងតំបន់ផង។

ជាការឆ្លើយតប ប្រតិភូអាស៊ានណាប៉ូលទាំងអស់ បានប្តេជ្ញាអនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន និងប្រឹងប្រែងធ្វើយ៉ាងណាឱ្យតំបន់អាស៊ានប្រែក្លាយជាតំបន់កិច្ចសហប្រតិបត្តិការប្រកបដោយសុខដុមនីយកម្ម ស្ថិរភាព និងសន្តិភាព៕