(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានស្នើឱ្យអភិបាលរាជធានីខេត្តទាំងអស់ ជំរុញការតាមដានត្រួតពិនិត្យ ចាត់វិធានការទប់ស្កាត់ការសាងសង់ ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត និងចាត់ចែងដាក់ទណ្ឌកម្មចំពោះជនដែលប្រព្រឹត្តអំពើល្មើសនឹងបទប្បញ្ញត្តិស្តីពីសំណង់។ នេះបើតាមលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅក្នុងលិខិតនេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ប្រាប់អភិបាលរាជធានីខេត្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអនុញ្ញាតឱ្យមានការដ្ឋានសំណង់ ចាប់ផ្តើមដំណើរការសាងសង់ ឬរុះរើដោយគ្មានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបាន ការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ សកម្មភាពទាំងនេះជាអំពើខុសច្បាប់ ដែលអាចបង្កឱ្យ ប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីឆាគម្លាត គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ សណ្ដាប់ធ្នាប់សាធារណៈ សោភណភាព ការរស់នៅប្រកបដោយចីរភាព និងអាចបង្កឱ្យមានវិវាទ។

ក្រសួងរៀបចំដែនដី បញ្ជាក់ថា «ក្នុងន័យនេះ ក្រសួងស្នើ ឯកឧត្តម លោកជំទាវអភិបាល ជំរុញការតាមដានត្រួតពិនិត្យចាត់ វិធានការទប់ស្កាត់ការសាងសង់ ឬរុះរើសំណង់ដែលគ្មានលិខិតអនុញ្ញាត និងចាត់ចែងដាក់ទណ្ឌកម្មចំពោះជនដែលប្រព្រឹត្តអំពើល្មើសនឹងបទប្បញ្ញត្តិស្តីពីសំណង់»

ទណ្ឌកម្មនេះមានដូចជា ការតម្រូវឱ្យម្ចាស់សំណង់កែសម្រួល ឬរុះរើសំណង់ ការហាមឃាត់ការប្រើប្រាស់ ការប្រកបអាជីវកម្ម ការចាត់ចែង និងការធ្វើចរន្តការនានា ដូចជាការមិនអនុញ្ញាតឱ្យធ្វើការបញ្ជាក់ ការដាក់ហ៊ីប៉ូតែក ការផ្ទេរ ឬលក់-ទិញ ពាក់ព័ន្ធនឹងសំណង់ដែល គ្មានលិខិតអនុញ្ញាត និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្នើសុំរឹបអូសសម្ភារៈ បរិក្ខារ និង ឧបករណ៍ផ្សេងៗទៀត ការផ្តន្ទាទោសពិន័យជាប្រាក់ ការផ្តន្ទាទោសដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុន ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស និងការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសជាសាធារណៈ។

វិធានការរបស់ក្រសួងរៀបចំដែនដី បានធ្វើឡើងដោយយោងទៅតាម ច្បាប់ស្ដីពីសំណង់របស់កម្ពុជា រួមទាំងអនុក្រឹត្យរាជរដ្ឋាភិបាល ស្ដីពីលិខិតអនុញ្ញាតសាងសង់ជាដើម៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងរៀបចំដែនដី៖