(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិភាក្សាកិច្ចដំណើរការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក នៅអាគារ A ជាន់ទី៤ សាលប្រជុំទីស្តីការក្រសួងការពារជាតិ។

ក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ការរុករកបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រស់នាវាលិចបាតបាតទន្លេរបស់ក្រុមការងារអន្តរក្រសួង គឺជាកិច្ចការងារមួយដ៏មានសារសំខាន់ ក្នុងការជួយថែរក្សាសន្តិសុខជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលតាមដងទន្លេ។ លើសពីនេះទៅកិច្ចការងារដ៏មានសារសំខាន់មួយនេះ បានចូលរួមចំណែកក្នុងការលើកស្ទួយដល់ផែនសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។

នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថា កិច្ចប្រតិបត្តិការសិក្សាស្រង់នាវា និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងបាតទ្លេនេះ គឺជាសារនយោបាយដ៏មានសារសំខាន់មួយ ដែលបង្ហាញឱ្យឃើញថារាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់សុខសុវត្ថិភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។

រហូតមកដល់ពេលនេះក្រុមការងារអន្តរក្រសួង បានទទួលភារកិច្ចធ្វើកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចពីបាតទន្លេមានចំនួន ០៥ការដ្ឋានរួមមាន៖

*ការដ្ឋានទី១ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (បានបិទបញ្ចប់)
*ការដ្ឋានទី២ ស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល
*ការដ្ឋានទី៣ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល
*ការដ្ឋានទី៤ ស្ថិតនៅភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង
*ការដ្ឋានទី៥ ស្ថិតនៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

ចាប់តាំងពីបើកកិច្ចប្រតិបត្តិការរុករកមក កងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានសម្រេចធ្វើការស្រង់យកគ្រាប់ និងវត្ថុរារាំងផ្សេងៗចេញពីនាវា។ កងបោសសម្អាតគ្រាប់យុទ្ធភណ្ឌបានស្រាវជ្រាវ និងរុករកឃើញនាវាចម្បាំងដែលផ្ទុកទៅដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងបានស្រង់យកគ្រាប់យុទ្ធភណ្ឌបានជាច្រើនតោនដែលក្នុងនោះរួមមាន អាវុធធុនតូច AK 47, អាវុធធុនតូច 12.7មីលីម៉ែត្រ, គ្រាប់កាំភ្លើងត្បាល់ ៦០មីលីម៉ែត្រ, គ្រាប់កាំភ្លើងត្បាល៨១មីលីម៉ែត្រ គ្រាប់កាំភ្លើងផ្លោង ១០៥មីលីម៉ែត្រ, ប្រភេទគ្រាប់ផ្សេងៗ, សម្ភារសឹករបស់ទាហាន រួមមាន៖ កាំបិតស្នៀត, មួកដែក, ស្បែកជើងទាហាន និងស្លាកឈ្មោះទាហានម៉ារីន ព្រមទាំងឆ្អឹងសាកសព។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា លទ្ធផលដែលសម្រេចបានខាងលើនេះ គឺជាស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ក្នុងការអនុវត្តកិច្ចប្រតិបត្តិការរុករកនាវាចម្បាំងលិច និងធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោនស្ថិតនៅក្រោមទឹក ដែលបានបន្សល់ទុកកាលពីអំឡុងសង្រ្គាមឆ្នាំ១៩៧០-១៩៧៥ ដែលបង្ហាញឱ្យឃើញថា កម្ពុជាគឺមានសមត្ថភាពគ្រាប់គ្រាន់ មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ តែពេលនេះគឺការបោស សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក, គឺកម្ពុជាយើងអាចធ្វើបាន។

យោងតាមរបាយការណ៍ បានឱ្យដឹងថា ទីតាំងដែលកំពុងមានការប្រឈមខ្លាំង គឺមាន៣ទីតាំង ទី១៖ ការដ្ឋាននៅបឹងគ្រំ, ទី២៖ ការដ្ឋាននៅបឹងក្អែក និងទី៣៖ ការដ្ឋាននៅកោះពាមរាំង ដែលក្នុងនោះការដ្ឋាននៅកោះពាមរាំង ជាការដ្ឋានដែលកំពុងប្រឈមខ្លាំងជាងគេ ដែលក្រុមការងារអន្តរក្រសួងគួរយកចិត្តទុកដាក់ខ្ពស់ និងសម្អាតឱ្យបានទាន់ពេលវេលា៕