(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ថា កាលពីម្សិលមិញក្រុមការងាររបស់ខេត្ត បានបន្តយុទ្ធនាការចុះចែកទឹកជូនប្រជាពលរដ្ឋ នៅតាមបណ្តាស្រុក-ក្រុង ចំនួន៥ បានចំនួន២៥៦១គ្រួសារ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការ នៅថ្ងៃម្សិលមិញនោះ​ ក្រុមការងារចុះដឹកទឹកចែកប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្រុង/ស្រុក​ សរុប ចំនួន៥/៩ក្រុង.​ ស្រុក​ (ក្រុងសិរីសោភ័ណ,​ ស្រុកមង្គលបូរី​. ស្រុកស្វាយចេក, ស្រុកអូរជ្រៅនិងស្រុកម៉ាឡៃ, ៨ឃុំ​/សង្កាត់ លើ១៩​ភូមិ​ ប្រជាពលរដ្ឋ​ចំនួន២.៥៦១គ្រួសារ​ មន្ទីរពេទ្យ០២កន្លែង​ និងសាលារៀន០១កន្លែង​ដោយ ប្រើប្រាស់ទឹកចំនួន៤៦២.០០០លីត្រ​ ។

បើតាមលោកស្នងការ ក្រុមការងារទាំងអស់នឹងបន្ត កិច្ចការនេះទៀត តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បើទោះបីតំបន់ខ្លះ បានទទួលទឹកភ្លៀងក៏ដោយនោះ៕