(ពោធិ៍សាត់)៖ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដំណើរការអស់រយៈពេល ០២ថ្ងៃកន្លងមកនេះ ត្រូវបានប្រារព្ធពិធីបិទ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ម្សិលមិញ ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់។

អង្គសន្និបាតនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំខេត្ត ដោយបានការចូលរួមពីសំណាក់លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ លោក លោកស្រីប្រតិភូក្រសួង ក្រុមការងារ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ មេប៉ុស្តិ៍ទាំង៤៩ និងមន្ត្រីរាជការសាលាខេត្តយ៉ាងច្រើនកុះករ។

លោក ជាវ តាយ បានរាយការណ៍អំពីដំណើរការសន្និបាត រយៈពេលពីរថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំធ្វើបទបង្ហាញ នូវរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២, ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តចលនាប្រលងប្រណាំង អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបានធ្វើការបែងចែកក្រុមពិភាក្សា ដើម្បីផ្ដល់ធាតុចូលទៅលើរបាយការណ៍ និងទិសដៅការងារ សំដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពការងារ របស់រដ្ឋបាលខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់។ ផ្អែកតាមការសិក្សា អង្គប្រជុំទាំងមូល បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលរក្សាការពារបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ, ដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងឆ្លើយតបជំងឺរាតត្បាតកូវីដ១៩ ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស។

លោករដ្ឋមន្ត្រី ស៊ុយ សែម ក្នុងនាមរាជរដ្ឋាភិបាលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង រួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះបានដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជាបន្តបន្ទាប់ ជាពិសេសការចូលរួមទប់ស្កាត់។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំង ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដំណើរការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្កលក្ខណៈសម្បត្តិ ដល់ការបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យ ហើយក្រសួង ស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ ក៏បានធ្វើសកម្មភាពពេញលេញ ទៅតាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ។

ផ្អែកលើបញ្ហាប្រឈមជាសាកលខាងលើ និងផ្អែកតាមទិសដៅការងារឆ្នាំ២០២២ ដែលបានឯកភាពគ្នាក្នុងអង្គសន្និបាតនេះ ក្នុងនាមរាជរដ្ឋាភិបាល លោក ស៊ុយ សែម បានផ្ដល់នូវគោលការណ៍ណែនាំជាគន្លឹះ ចំនួន០៩ចំណុច សម្រាប់អនុវត្តបន្ត៖

ទី១៖ ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ
ទី២៖ ការអនុវត្តកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ
ទី៣៖ ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី
ទី៤៖ ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន
ទី៥៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
ទី៦៖ ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម
ទី៧៖ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន
ទី៨៖ ការពង្រឹងការអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩
និងទី៩៖ ការពង្រឹងរបៀបរបបកាងារឱ្យបានច្បាស់លាស់៕