(ពោធិ៍សាត់)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនបានចាត់ឲ្យលោក ម៉ៅ ប៊ុនញ្ញាត្ត ប្រធាននាយកដ្ឋានសង្គ្រោះជនពិការដោយសារមីន នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ចុះនាំយកថវិកា គ្រឿងឧបភោគបរិភោគ និងលិខិតចូលរួមរំលែកទុក្ខជូនដល់គ្រួសារសពលោក ផាន់ ណារ័ត្ន អាយុ៤២ឆ្នាំ ជាបុគ្គលិកដោះមីនអង្គការ Halo Trust ប្រចាំការនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរងគ្រោះថ្នាក់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ហើយបានស្លាប់កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ។

ក្នុងឱកាសចូលរួមរំលែកទុក្ខនេះ លោក ម៉ៅ ប៊ុនញ្ញាត្ត បានផ្តាំផ្ញើនូវប្រសាសន៍សួរសុខទុក្ខ ក្ដីអាណិតអាសូរ និងការសោកស្តាយពីសំណាក់លោកទេសរដ្ឋមន្ត្រី សេរី កុសល ចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងចំពោះវរជន ដែលជាគំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការលះបង់សាច់ស្រស់ឈាមស្រស់របស់ខ្លួន ក្នុងការចូលរួមចំណែកជួយរំដោះផ្ទៃដី ដែលមានមីនដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ និងរក្សាអាយុជីវិតដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លា និងជាហេតុធ្វើឲ្យយើងទាំងអស់គ្នាចងចាំក្នុងចិត្ត និងមិនអាចបំភ្លេចបាន។

ជាសក្ខីភាពនៃគុណបំណាច់ របស់យុទ្ធជនក្នុងការដោះមីន ហើយបានរងគ្រោះថ្នាក់ ដោយសារគ្រាប់មីនដ៏គួរឱ្យសង្វែគនេះ លោកទេសរដ្ឋមន្រ្តី សេរី កុសល តាមរយៈលោក ម៉ៅ ប៊ុនញ្ញាត្ត បានផ្តល់ការឧបត្ថម្ភជូនដល់គ្រួសារសពលោក ផាន់ ណារ័ត្ន រួមមាន៖ អង្ករ១ប៉ាវស្មើរ ៥០គីឡូក្រាម មី ១កេស ទឹកត្រី១យួស្មើរ១២ដប ទឹកស៊ីអុីវ១យួស្មើរ១២ដប ត្រីខ ១យួស្មើ១២កំប៉ុង ទឹកក្រូច ១កេស ទឹកផ្លែឈើ ១កេស ទឹកសុទ្ធ១កេស និងថវិកាចំនួន៨០០,០០០រៀល។

ជាកិច្ចតបស្នងចំពោះការឧបត្តម្ភដ៏ថ្លៃថ្លា របស់លោកទេសរដ្ឋមន្រ្តីសេរី កុសល នេះ គ្រួសារសពលោក ផាន់ ណារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកទេសរដ្ឋមន្ត្រីដែលតែងតែគិតគូរពីសុខទុក្ខ និងផលលំបាករបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយទឹកចិត្តមនុស្សធម៌ពិតៗ៕