(អ៉ីរ៉ង់)៖ ប្រទេសអ៉ីរ៉ង់ និងកូរ៉េខាងត្បូង បានធ្វើការប្តេជ្ញារួមគ្នាថា នឹងបង្កើនទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរឲ្យធំជាងមុនបីដង គឺ ១៨ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០១៦។

ការសម្រេចលទ្ធផល ជាគោលដៅខាងលើនេះ បានកើតឡើងនៅក្នុងកិច្ចប្រជុំកំពូលទេ្វភាគី រវាង ប្រធានាធិបតីអ៉ីរ៉ង់លោក ហាសាន រួហានី (Hassan Rouhani) និងប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ (Park Geun-Hye) ជាលើកដំបូងមកកាន់ប្រទេស ក្បែរតំបន់ មជ្ឈិមបូព៌ា​មួយនេះ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចលើកនេះ ក៏ជាការប្រារព្ធខួប លើកទី ៥៤ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរផងដែរ។

លោក រួហានី បានថ្លែងនៅក្នុងជំនួប ជាមួយលោកស្រី ផាក ដូច្នេះថា «ភាគីទាំងពីរបានសម្រេច បង្កើនទំហំពាណិជ្ជកម្មលើសមុន ឲ្យបានបីដង គឺ​ពីទំហំបច្ចុប្បន្ន ៦ពាន់លានដុល្លារ ទៅកាន់ ១៨ពាន់លានដុល្លារអាមេរិក។ ប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នារឿង លើកស្ទួយវិស័យទេសចរណ៍ ទៅវិញទៅមករវាងទីក្រុង សេអ៊ូល និង តេហេរ៉ង់ទៀតផង»