(កោះកុង)៖ ពិតជាគួរឲ្យសង្វេគណាស់ដែលស្រ្តីម្នាក់ បានសម្រាលកូននៅលើទូកពេលប្តី និងសាច់ញាតិ បានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ តែសម្រាប់ស្រ្តីរងគ្រោះ និងទារកបានរួចផុតពីគ្រោះថ្នាក់ហើយ នៅពេលដែលក្រុមគ្រូពេទ្យ​​ បានជួយសង្គ្រោះទាន់ពេលវេលា។

លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានប្រាប់ភ្នាក់ងារ Fresh News ថា ស្រ្តីដែលសម្រាលកូននៅលើទូកនេះ មានឈ្មោះ ខេង ដាអាយុ២៥ឆ្នាំ និងប្តីឈ្មោះ ដា។

ពួកគេទាំង ២នាក់ប្តីប្រពន្ធមានទីលំនៅភូមិវង្សកាថាក់ ឃុំបាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុងមានមុខរបរនេសាទ ជាលក្ខណៈគ្រួសារ។

លោក ហៃ ឡៃស៊ុន បានបន្តទៀតថា សម្រាប់ស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់លោក ជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយមិនគិតសេវានោះឡើយ។

រហូតមកដល់ពេលនេះសុខភាពស្រ្តីរងគ្រោះនេះ និងទារក មានភាពល្អប្រសើរនោះទេ៕