(កំពង់ចាម)៖ ដោយ​មើលឃើញ​ពី​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​របស់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ភូមិអូរតាថុក, ភូមិទួលថ្ម, ភូមិថ្មពូនកណ្តាល និងភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ លោក យុន ឈុន្នី អនុប្រធានក្រុមការងារថ្នាក់ជាតិស្រុកព្រៃឈរ ចុះជួយ ឃុំថ្មពូន បានផ្តល់ថវិកាចំនួន ៦លានរៀល ដើម្បីកសាងអណ្តូងទឹកចំនួន២ ដែលប្រើប្រាស់ម៉ូទ័របូមទឹក ដើម្បីទុកជាប្រយោជន៍ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់តាមតម្រូវការ។

​​ក្នុងឱកាស​ជួប​សំណេះសំណាល​ និងផ្តល់អណ្តូងទឹក លោក យុន ឈុន្នី បានលើកឡើង​ពី​ការយកចិត្តទុកដាក់​ពី​សំណាក់​ សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែល​តែង​យកចិត្តទុកដាក់ខ្ពស់ ​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ​​គ្រប់​មូលដ្ឋាន​ទូទាំងប្រទេស ដែល​កំពុង​ជួប​នូវ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ដោយ​សម្តេច​បាន​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប នាំយក​ទឹក ដែលជា​សេចក្តីត្រូវការ​ចាំបាច់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។

​ជាមួយគ្នា​នោះ ​លោកបាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​អនាម័យ​បី​ប្រការ គឺ​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះប្រើប្រាស់ទឹកឲ្យមានការសន្សំសំចៃ ហើយនៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ត្រូវ​យកចិត្តទុកដាក់​ រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ពិសេស​ត្រូវ​មានការ​ប្រុងប្រយ័ត្នខ្ពស់​ចំពោះ​ ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ ដែល​បាតុភូត​នេះ​អាច​កើត​មាន​ឡើង​គ្រប់ពេល។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក យុន ឈុន្នី​ ក៏សំណូមពរឲ្យ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​យកចិត្តទុកដាក់​ និង​រិះរក​ឲ្យ​អស់​គ្រប់​មធ្យោបាយ​ និង​លទ្ធភាព ​ដែល​ខ្លូ​ន​មាន​ ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​ក្នុងមូលដ្ឋាន​របស់​ខ្លូ​ន​ ដែល​ខ្វះ​ទឹក​ប្រើប្រាស់​ ឲ្យមានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។​

ក្នុងឱកាស​ជួប​សំណេះសំណាល​ និងផ្តល់អណ្តូងទឹក នេះដែរ លោក យុន ឈុន្នី បានឧបត្ថម្ភថវិកាដល់គ្រួសារឆ្លងទន្លេ ៤គ្រួសារ និងគ្រួសារសព ៤គ្រួសារ នូវថវិកាចំនួន ៩៦ម៉ឺនរៀល, ឧបត្ថម្ភពលរដ្ឋពិការជើងម្នាក់ ១០០ដុល្លារ, ឧបត្ថម្ភពលរដ្ឋមានជំងឺម្នាក់ ១០ម៉ឺនរៀល និងឧបត្ថម្ភចាស់ជរាគ្មានទីពឹងម្នាក់ ១០ម៉ឺនរៀល និងសារុង ១ផងដែរ៕