(ភ្នំពេញ)៖ កម្លាំងនគរបាលល្បាតអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដេញប្រផាប់ចាប់ប្រភីង ទៅលើមុខសញ្ញា២នាក់ សង្ស័យជាក្រុមចោរប្លន់នៅពេលរាត្រី ក្រោយពេល​ដែលពួកគេ បើកម៉ូតូរត់គេចខ្លួន ខណ:ដែលកម្លាំងសមត្ថកិច្ច​ហៅឲ្យឈប់​ដើម្បីធ្វើការត្រួត​ពិនិត្យ តែពួកគេមិនឈប់។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានប្រាប់ Fresh News នៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួននាយប់មិញ ខណ:ដែលកម្លាំង​របស់លោកបង្ក្រាប និងចាប់ខ្លួនបាន ព្រមទាំងដកហូតកាំភ្លើងខ្លីមួយដើមម៉ាកកា៥៤ ម៉ូតូមួយគ្រឿង និងអាយឌីមួយគ្រឿងផងដែរ។

លោក ម៉ក់ ហុង បានបញ្ជាក់ថា «នៅវេលាម៉ោង ០២:៥០នាទី ថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៦ កម្លាំងល្បាត​អត្តរាគមន៍ មានការសង្ស័យឃាត់សុំធ្វើការ​​ត្រួតពិនិត្យ តែជនសង្ស័យ​បានជិះគេច​ខ្លួនរហូតដល់ចំនុច ៥៩៨កែង១៩៨៦​ ក៏ផ្តួលម៉ូតូ រត់គេចខ្លួន តែត្រូវបានកម្លាំង​យើងឃាត់ខ្លួនជាប់ តែបណ្តាលឲ្យកងកម្លាំងរបស់យើង​រងរបួសចំនួន​២នាក់ផងដែរ ដោយសារដួលម៉ូតូ ពេលព័ទ្ធចាប់»

បើលោកអធិការ ជនសង្ស័យទី១. ឈ្មោះ វ៉ា វណ្ណី អាយុ​៣០ឆ្នាំ និងទី២. ឈ្មោះ វង្ស ថេង អាយុ ២៤ឆ្នាំ ។

យ៉ាងណាក៏ដោយសម្រាប់ជនសង្ស័យទាំង២នាក់ គឺស្ថិតក្រោមការសាកសួរបន្តនៅឡើយ នៅអធិការដ្ឋាននគរបាល​ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ពីព្រោះក្រោយពេលឃាត់ខ្លួននោះ ពួកគេបានបដិសេធ​លើសកម្មភាពប្លន់នានា៕