(តាកែវ)៖ អំណោយដ៏ច្រើនសន្ធឹកសន្ធាប់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខា​កាកបាទក្រហម ​ខេត្តតាកែវ អមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាក​បាទក្រហម​កម្ពុជាខេត្ត និងអាជ្ញាធ​ដែនដីគ្រប់លំដាប់ថ្នាក់រួម និងក្រុមយុវជន១៥៧​ផងនោះ បាននាំយកអំណោយទៅ​​ជូនលោកយាយ ខាន់ កៅ ដែលមានទីលំនៅ​ក្នុងភូមិត្រពាំង​ត្រយឹង ឃុំចំបក់ ស្រុកបាទី ដែលកំពុងតែ​ជួបការលំបាក និងមានជំងឺរួមរឹត​រាងកាយ ព្រមទាំងងឹតភ្នែក ដោយមានកូនបីនាក់​រ​ស់នៅក្នុងបន្ទុក ដោយក្នុងនោះកូន​ប្រុសម្នាក់ពិការជើង​ម្ខាង និងភ្នែកម្ខាងថែមទៀតផង។

នៅក្នុងឱកាសនាំយកអំណោយទៅចែក​ជូនលោកយាយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួបដោយផ្ទាល់តាមរយៈ​ទូរស័ព្វជាមួយ​កូនស្រីលោក​យាយ ដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើការផ្ដាំផ្ញើឲ្យកូន​ស្រីលោកយាយត្រូវ​ខឹតខំថែរក្សាសុខ​ភាពម្ដាយ និងមើលថែលោកយាយឲ្យបានល្អ។

ជាមួយនិងអារម្មណ៏រីករាយកូនស្រីលោកយាយ បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ​សម្ដេចតេជោនាយករដ្ឋ​មន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលជានិច្ចកាលតែងតែ​យកចិត្តទុកដាក់ចំពោះ​សុខទុក្ខ​ប្រជារាស្រ្ត​ហើយបានរួម​សុខរួមទុក្ខ​ជាមួយ​ប្រជារាស្រ្តគ្រប់​កាលៈទេសៈ។

បន្ថែមពីលើនោះលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏បានធ្វើការផ្ដាំផ្ញើដល់គណៈ​កម្មាធិការ​សាខាកាកបាទ​ក្រហមខេត្តតាកែវ ជួយជួសជុលផ្ទះជូនលោក​យាយ ដែលមានសភាពទ្រុឌទ្រោម ឲ្យបានល្អប្រសើរជាង មុនតាមការណែ​នាំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

គួរបញ្ជាក់ថា អំណោយសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកអភិបាលខេត្តតាកែវ នាំយកទៅផ្ដល់ជូនលោកយាយ កៅ ខាន់ រួមមាន មីយើង អង្ករ ទឹកសុទ្ធ ទឹកក្រូច ត្រីខកំប៉ុង ទឹកដោះគោ ទឹកស៊ីអ៊ីវ កន្ទេស ពូក ខ្នើយ មុង ភួយនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀតព្រមទាំងថវិការមួយចំនួនផងដែរ។

ដោយឡែកសាខាកាកបាទក្រហមខេត្តតាកែវ​ និងអនុសាខាស្រុកបាទី ក៏បានផ្ដល់អំណោយជាសម្ភារៈ​ហូបចុកនិងប្រើប្រាស់ ព្រមទាំងថវិការ​មួយចំនួនដល់​លោកយាយផងដែរ។