(ព្រះវិហារ)៖ លោក អ៊ុ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហម ខេត្តព្រះវិហារ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ទៅជូនដល់យោធាដែលរងគ្រោះបណ្ដាលមកពីជាន់ មីនដាច់ជើងម្ខាង ក្នុងពេលល្បាតតាមព្រំដែន។

ជនរងគ្រោះនៅពេលនេះ​ កំពុងសម្រាកព្យាបាល និងថែទាំជង្ងឺ នៅមន្ទីពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។​ អំណោយដែលនាំយក ទៅចែកជូននោះរួមមាន មី១កេស ត្រីខ១យួរ សារុង១ ក្រម៉ា១ មុង១ភួយ ទឹកដោះគោឆៅ២ឡូ ស្ករស១គីឡូ ថវិកា១លានរៀល សាលាស្រុកជាំក្សាន្ដជួយ ថវិកា៥០ម៉ឺនរៀល និងអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារជួយ៤លានរៀល។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ យោធាកំសត់ឈ្មោះ លី លួន ឋានៈនាយចំណង់ អាយុ៣៦ឆ្នាំ បម្រើការងារនៅផ្នែក សឹករង ស្រុកជាំក្សាន្ត នៃតំបន់ប្រតិបតិ្តការសឹករងខេត្តព្រះវិហារ បានដើរជាន់មីន បណ្ដាលឱ្យដាច់ជើងខាងឆ្វេង ពេលដែលកំពុង ដើរល្បាត នៅភូមិសាស្រ្ត ទល់មុខចំការចេក ឋិតក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕