(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។

កិច្ចប្រជុំនេះក៏ មានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំកម្រិតបច្ចេកទេសនេះធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាព និងពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានី ភ្នំពេញទៅក្រុងបាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅឱ្យ របាយការណ៍នេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេកទេសដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍ផងដែរ៕