(កំពង់ចាម)៖ ប្រជាពលរដ្ឋដែលជាអតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តកំពង់ចាមប្រមាណ ១១៣នាក់ទៀត បានផ្លាស់ចិត្តចូលរួមរស់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ បន្ទាប់ពីពួកគេបានពិចារណា និងមើលឃើញច្បាស់នូវគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ផេង គីមស្រ៊ុន អនុប្រធានក្រុមការងារលោក លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយក្រុមការងារ បានរៀបចំកិច្ចសំណេះសំណាលមួយជាមួយប្រជាពលរដ្ឋដែលប្រែចិត្តមកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំង ១១៣នាក់នោះ។

ក្នុងឱកាសនោះ លោក ផេង គីមស្រ៊ុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រជាពលរដ្ឋទាំង១១៣នាក់។ លោក ផេង គីមស្រ៊ុន បានថ្លែងថា ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋទាំង១១៣នាក់ គឺជាការសម្រេចចិត្តមួយប្រកបដោយភាពត្រឹមត្រូវ។ ត្រឹមត្រូវត្រង់ថា ការគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការគាំទ្រនូវតម្លៃសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ ដែលជាតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋគ្រប់រូប។

លោក ផេង គីមស្រ៊ុន បានឆ្លៀតគូសរំលេចនូវគុណតម្លៃជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុជាតិ និងប្រជាជន។ លោកបានអះអាងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន តែងតែតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ហើយបានដាក់ចេញគោលនយោបាយចម្បង គឺដើម្បីជាតិ និងប្រជាជន។

បន្ទាប់ពីសំណេះសំណាល លោក ផេង គីមស្រ៊ុន ដែលអមដំណេីរដោយលោក កែវ ផុង និង លោក គង់ លីវ៉ា បានពាំនាំនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈលោក លី សាម៉េត ហៅគ្រូមា ចែកជូនអតីតសកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ទាំង ១១៣នាក់នោះផងដែរ៕