(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងធារណការ និងដឹកជញ្ជូន ធ្វើយ៉ាងណារកឃើញ ហើយលុបបំបាត់​ការចំណាយ​ក្រៅផ្លូវការទាំងនោះ ដើម្បីធានាឲ្យការដឹកជញ្ជូន មានការបញ្ចុះថ្លៃ អាចនាំឲ្យផលិតផល កសិផលរបស់កម្ពុជា អាចឈានជើងទៅប្រកួតប្រជែង និងបរទេស រួមទាំងប្រទេសជិតខាងបាន។  

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើតាមឯកសារសម្ងាត់ ហើយអាចយកជាការបានទម្លាយថា វិស័យដឹកជញ្ជូននៅកម្ពុជា មានការចំណោយផ្លូវការ ដែលមានវិក្កយបត្រស្មើនឹង ៤៩ភាគរយ នៃការចំណាយសរុប ខណៈចំណាយក្រៅផ្លូវការ អត់មានវិក្កយបត្រមានរហូតដល់ ៤៨ភាគរយ ហើយសល់៣ភាគរយជាតម្លៃសេវាបញ្ជូនទំនិញ ។ ប្រសិនបើលុបបំបាត់​បាននូវសេវាក្រៅផ្លូវការ​នេះបាន​នោះ ការដឹកជញ្ជូនរបស់កម្ពុជានឹងធ្លាក់ចុះ។

សម្តេចតេជោ បានថ្លែងថា «ខ្ញុំសុំឲ្យកាត់ការចំណាយក្រៅផ្លូវការ​៤៨ភាគរយនេះ ត្រូវធ្វើអាហ្នឹង (លុបបំបាត់ការ​ចំណាយ​ក្រៅផ្លូវការ) បើកាលណាធ្វើអាហ្នឹងបាន ការទៅដេញថ្លៃ អង្ករនៅហ្វីលីពីន​អត់ពិបាកទេ។ ...ត្រូវលប់បំបាត់ចំណាយក្រៅផ្លូវការ ៤៨ភាគរយនេះ ដែលការលុបបំបាត់នេះ វានឹងបានផលទៅ​ប្រជាជននៅ​ទូទាំងប្រទេស»។​

ជាមួយគ្នានេះដែរ សម្តេចតេជោបានប្រាប់ឲ្យ លោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ត្រូវប្រជុំជាមួយសមាគមរោងម៉ាស៊ីនកិនស្រូវ ដើម្បីរកវិធានការដំឡើង តម្លៃស្រូវពេលចុះទិញពីប្រជាពលរដ្ឋ ព្រោះថា តម្លៃអគ្គិសនីនឹងអាចចុះប្រមាណ២០ភាគរយ ដូច្នេះអាចដំឡើងថ្លៃស្រូវ១០ភាគរយ បើមិនអីចឹងទេ គឺចំណេញតែថៅកែទិញស្រូវ។

ពាក់ព័ន្ធនឹងថ្លែងដឹកជញ្ជូននេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែឧសភានេះ តម្លៃដឹកជញ្ជូនទំនិញនៅកំពង់ផែ ក្រុងព្រះសីហនុ ត្រូវបញ្ចុះតម្លៃ១០%, កំពង់ផែក្រុង​ភ្នំពេញ៥%, កាំសាប១០%។ ចំណែកការដឹកជញ្ជូនតាមកុងតឺន័រ ក៏បញ្ចុះតម្លៃផងដែរ គឺកុងតឺន័រ ៤០ហ្វីត បញ្ចុះថ្លៃ ១០ដុល្លារ និង២០ហ្វីតបញ្ចុះតម្លៃ ៥ដុល្លារ៕