(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ​ ទី០១ ខែឧសភា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនមន្រ្តីអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ទាំង៥រូបមកកាន់តុលាការក្រុងភ្នំពេញជាថ្មី បន្ទាប់ពីម្សិលមិលបាននាំយកមកបង្ហាញខ្លួន ដើម្បីបំពេញសំណុំបែបបទតាមនីតិវិធី អស់រយៈពេលប្រមាណ១៥នាទី នៅចំពោះមុខព្រះរាជអាជ្ញារង​អមសាលាដំបូង​រាជធានីភ្នំពេញ លោក គុជ គឹមឡុង ។

ពីម្សិលមិញនាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បាននាំខ្លួនមន្ត្រីអាដហុក និងអគ្គលេខាធិការរង គ.ជ.ប ទាំង៥រូបមកកាន់សាលាដំបូងរាជធានីភ្នំពេញ ប្រមាណ១៥នាទី ក៏បញ្ជូនត្រឡប់ទៅអង្គភាព ACU វិញ ដើម្បីបន្តការសួរនាំ។

ភ្នាក់ងារ Fresh News ប្រចាំាសាលាដំបូងរាជធានីភ្នំពេញ លោក ជួន សុជាតិ បានរាយការណ៍ថា មូលហេតុដែល ACU នាំខ្លួនពួកគេទាំង៥រូបនេះ​ មកតុលាការក៏ព្រោះតែ ការឃុំខ្លួននៃដំណើរការសួរនាំដល់រយៈពេល៤៨ម៉ោង ដូច្នេះត្រូវមកបង្ហាញមុខនិងបំពេញសំណុំបែបបទចំពោះ​មុខព្រះរាជអាជ្ញា រួចនាំត្រឡប់ទៅវិញ។

មន្រ្តីអាដហុកទាំង៤រូបរួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត សមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក ណៃ វ៉ងដា អនុប្រធានផ្នែក​ស៊ើបអង្កេត សមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់អាដហុក និងលោក នី ចរិយា អគ្គលេខាធិការ គ.ជ.ប។

សូមបញ្ជាក់ថា កាលចុងសប្តាហ៍មុន កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀប​រាប់អំពីរឿងរ៉ាវ​ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហា​ស៊ីជម្រៅជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដោយក្នុងនោះពាក់ព័ន្ធនឹងអ្នកទាំង៥ខាងលើនេះ និងអ្នកដទៃផងដែរ៕