(សៀមរាប)៖ សាខាកាកបាទក្រហមខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំពិធីដើម្បីអបអរសាទរខួបលើកទី៦៧ឆ្នាំ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២២) និងដើម្បីអបអរខួប២៣ឆ្នាំ នៃឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា។

ពិធីនេះមានការចូលរួមពីលោកស្រី សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខា តំណាងលោក ទៀ សីហា ប្រធានគណៈកម្មធិការសាខា និងមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការ គណៈកិត្តិយសសាខា អនុសាខា មន្ត្រីនិយោជិតសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ត្រីមន្ទីរបរិស្ថានខេត្ត គរុសិស្សនៃសាខាគរុកោសល្យ និងវិក្រឹតការខេត្ត យុវកាយរឹទ្ធិជាតិកម្ពុជា ហសភាពសហព័ន្ធយុវជនកម្ពុជា សរុបជាង ២០០នាក់។

អ្នកចូលរួម បានធ្វើពលកម្មសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដោយក្រីមែកឈើ បោសស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានសហស្សវត្សរ៍ ជាជាយថាហេតុណាមួយផង ហើយជាពិសេសដើម្បីបញ្ជាក់ពីសកម្មភាពចូលរួមរបស់ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដូចដែលទិសស្លោកបានលើកឡើងថា «សកម្មនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។ ជាមួយគ្នានេះដែរមន្ត្រីដែលមកពីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត គឺជាមន្ត្រីជំនាញពួកគាត់បានធ្វើការក្រីតាក់តែង កាប់មែកឈើដែលចាស់ៗចោល ដើម្បីឱ្យដើមរបស់វាអាចលូតលាស់បានល្អ និងកាប់កូនឈើតូចៗគ្មានប្រយោជន៍ចោលផងដែរ។

លោកស្រី សុខ ណារ៉ូ បានលើកឡើងថា ឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជា ដែលស្ថិតលើទឹកដីដ៏បវរនៃខេត្តសៀមរាបអង្គរនេះ ជាមរតកដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ហើយមានអាយុកាលជិត ២៣ឆ្នាំហើយ ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោមអធបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មានទំហំជាង ៦ហិកតា និងមានដើមឈើចំនួនជាង ២,៤៦០ដើម ឧទ្យានសហស្សវត្សរ៍នេះ ជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថានតំបន់អង្គរផងដែរ។

លោកស្រីបន្តថា នៅលើពិភពលោក មានសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហមជាង ១៩០ប្រទេស គឺមានតែប្រទេសកម្ពុជាមួយគត់ ដែលមានឧទ្យាន និងមានដើមឈើរហូតដល់ ២,៦០០ដើមនេះ។ ហេតុនេះការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីអបអរថ្ងៃកំណើតកាកបាទក្រហមកម្ពុជាផង និងចង់បណ្ដុះគំនិតដល់ប្រជាពលរដ្ឋ ពិសេសយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិជាតិកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យចេះស្រលាញ់ធម្មជាតិ ស្រលាញ់បរិស្ថានបៃតង សំដៅទៅមនុស្សម្នាក់ដាំដើមឈើមួយដើម សម្រាប់ធ្វើជាគំរូ និងទុកជាកេរដំណែលដល់កូនចៅយើងជំនាន់ក្រោយៗទៀត៕