(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា យុវជនជំនាន់ក្រោយ ពិតជាមានចំណេះដឹង និងមានសញ្ញាបត្រច្រើន ប៉ុន្ដែក៏ត្រូវសិក្សារៀនសូត្រ និងដកស្រង់បទពិសោធជាក់ស្ដែងពីចាស់ទុំ ឬអ្នកជំនាន់មុន រឹតតែមានសារសំខាន់។

តាមរយៈ Facebook នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ការគួបផ្សំនូវធនធានទាំងពីរ នឹងបណ្តាលបាននូវការអភិវឌ្ឍ និងការសម្រេចបានការងារនានាកាន់តែជោគជ័យ និងមានប្រសិទ្ធភាពកាន់តែខ្ពស់។

លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ។ ការគួបផ្សំនូវធនធានទាំងពីរ នឹងបណ្តាលបាននូវការអភិវឌ្ឍ និងការសម្រេចបានការងារនានាកាន់តែជោគជ័យ និងមានប្រសិទ្ធភាពកាន់តែខ្ពស់។ យើងទទួលស្គាល់ថា យុវជនពិតជាមានចំណេះដឹង មានសញ្ញាបត្រច្រើនពិតប្រាកដមែន តែការប្រើប្រាស់ចំណេះត្រូវបរិបទ ត្រូវកាលៈទេសៈ និងស្របតាមនិន្នាការនៃសង្គមជាក់ស្តែង ហើយគោរព សង្កេត សិក្សារៀនសូត្រពីមេរៀន ក៏ដូចជាបទពិសោធន៍ជាក់ស្តែង របស់ចាស់ទុំ ឬអ្នកជំនាន់មុន រឹតតែមានសារៈសំខាន់ខ្លាំងជាងការណ៍ដែលមានត្រឹមតែចំណេះ»

ក្នុងឱកាសអញ្ជើញប្រកាសសមាភាពគណៈកម្មាធិការ ស.ស.យ.ក ខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានលើកឡើងនូវវប្បធម៌ការងាររបស់ ស.ស.យ.ក. ចំនួន៣គឺ៖

*ទី១៖ ការចូលរួមរៀនសូត្រ និងស្តាប់ការដឹកនាំ របស់ថ្នាក់ដឹកទាំងថ្នាក់ជាតិ និងមូលដ្ឋានគ្រប់ជាន់ថ្នាក់ ទស្សនៈ បទពិសោធន៍របស់ថ្នាក់ដឹកនាំ ជាឱកាសនៃការបង្កើតជាគំនិតមួយក្នុងការអភិវឌ្ឍសមត្ថភាព

*ទី២៖ ចូលរួមក្នុងសកម្មភាពស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ដែលកន្លងមក ស.ស.យ.ក. ទទួលបានភាពជោគជ័យយ៉ាងច្រើន ប្រកបដោយភាពទទួលខុសត្រូវ និងការទទួលស្គាល់ពីសំណាក់មហាជនទូទាំងប្រទេស

*ទី៣៖ សកម្មភាពដែលជាគំនិតផ្តួចផ្តើមរបស់ ស.ស.យ.ក. ផ្ទាល់ រួមមានកម្មវិធីនានាដែលស.ស.យ.ក. បានផ្តួចផ្តើម និងរៀបចំ កន្លងមកទាំងថ្នាក់មូលដ្ឋានរាជធានីខេត្ត ថ្នាក់ជាតិ និងអន្តរជាតិ៕