(កោះកុង)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រគល់អំណោយម៉ូតូចំនួន ៤គ្រឿង ប័ណ្ណសសើរ និងថវិកាមួយចំនួនជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេស A ឆ្នាំសិក្សា២០២០-២០២១។

នាយឧត្តមសេនីយ៍ យន្ត មីន បានថ្លែងថា លោកមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលប្អូនៗខិតខំប្រឹងប្រែងក្នុងការសិក្សាក្នុងក្រេបចំណេះវិជ្ជាពីសាស្រ្តាចារ្យលោកគ្រូ អ្នកគ្រូដែលខិតខំបង្ហាត់បង្រៀនដើម្បីឱ្យប្អូនៗក្មួយៗ ស្វែងយល់ក្នុងសិក្សាទោះបីក្នុងសម័យកាលកូវីដ១៩ ដើម្បីបង្កើនធនធានមនុស្សឈានទៅរកអនាគត និងអភិវឌ្ឍន៍ប្រទេសជាតិពីព្រោះប្អូនៗក្មួយៗជាសសរទ្រូងនៃប្រទេសជាតិ។

នាយឧត្តមសេនីយ៍ បានបន្តថា ការប្រគល់រង្វាន់លើទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ក៏មានគាំទ្រពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលប្អូនៗខិតខំសិក្សារហូតប្រឡងជាប់និទ្ទេសA ដូច្នេះ សម្តេចសូមផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗ ឱ្យខិតខំបន្តការសិក្សាបន្តទៀត ដើម្បីបង្កើនធនធានមនុស្ស និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាអ្នកដឹកនាំប្រទេសទៅថ្ងៃអនាគតឱ្យមានភាពរីកចម្រើនពីព្រោះប្អូនៗក្មួយៗជាទំពាំងស្នងឫស្សី។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ យន្ត មីន បានបញ្ជាក់ថា «រយៈពេល១២ឆ្នាំទើបយើងសម្រេចបាននៅថ្ងៃប្រឡងប៉ាក់ឌុបនេះ បើយើងទទួលសញ្ញាបត្រ ហើយយើងបន្តយកសញ្ញាបត្រនៅជំនាញអ្វីមួយឱ្យពិតប្រកដបន្ថែមទៀត ឱ្យបានច្បាស់លាស់ និងមានជំនាញឱ្យពិតប្រាដកមិនមែនមានតែសញ្ញាបត្រ ហើយការងារមិនចេះនោះទេមានសញ្ញាបត្រ គឺមានចំណេះ»

លោកស្រី មិថុនា ភូថង បានថ្លែងថា សម្រាប់សិក្សាប្រឡងទុតិយភូមិ ក្នុងខេត្តកោះកុង មានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ចំនួន ២០នាក់ និងអាហារូបករណ៍នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផងដែរ។

លោកស្រីបានផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗ ឱ្យខិតខំសិក្សាស្វែងយល់ឱ្យច្រើនក្នុងសិក្សាពីចំណេះវិជ្ជា គឺជាទ្រព្យសម្បត្តិដែលមិនអាចបាត់បង់បានទេហើយគ្មាននាក់ណាលួចវាបាន ព្រោះវាស្ថិតក្នុងខ្លួនយើងជានិច្ច។

លោកស្រីអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ដល់ប្អូនៗ ក្មួយៗ ដែលប្រឡងធ្លាក់ត្រូវខិតខំសិក្សាបន្ថែមទៀត មិនត្រូវលះបង់សិក្សាចោលឡើយ ហើយការប្រឡងធ្លាក់ពេលនេះ វាគឺជាបទពិសោធន៍សម្រាប់ខ្លួនយើងតែប៉ុណ្ណោះ យើងត្រូវខិតខំបន្តការសិក្សាបន្តដើម្បីលើកវាសនាអនាគតខ្លួនយើងឱ្យមានភាពជោគជ័យទៅថ្ងៃអនាគត៕