(កណ្ដាល)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផលកណ្ដាល ឃាត់រថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ 2A-0318 នៅចំណុចផ្លូវជាតិលេខ១ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលពាក់ព័ន្ធនឹងករណីសង្ស័យនាំចូលសត្វកន្ធាយ និងកូនទារស់ពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត។

បើតាមសមត្ថកិច្ចឱ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ សោម សារឿន អាយុ២៨ឆ្នាំ មានទីលំនៅភូមិថ្នល់ពាម ឃុំអង់ស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង, ២៖ ឈ្មោះ កែវ តូ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានឃាត់នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ថ្មីៗនេះ។

វត្ថុតាងដកហូតបានរួមមាន៖ រថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ផ្លាកលេខព្រៃវែង 2A-0318, សត្វកន្ធាយចំនួន ៣១កេសស្មើនឹង៨២១,៤គីឡូក្រាម ស្មើនឹង១,០១៧ក្បាល, កូនកន្ធាយចំនួន ៤កេស ស្មើនឹង៤២០កូន, ពងសត្វកន្ធាយចំនួន១កេស ស្មើនឹង ៧គីឡូក្រាម ចំនួនប្រហែល ៥០០គ្រាប់ និងកូនទាចំនួន ២០កេស ស្មើនឹង២ពាន់កូន។

លោក លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្ត នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ក្រោយស៊ើបអង្កេតបានដឹងថា មានបទល្មើសនាំចូលសត្វរស់ ដោយមិនមានច្បាប់អនុញ្ញាត លោកបានរៀបចំកម្លាំង និងសហការជាមួយជលផលខេត្តកណ្ដាល ធ្វើការឃាត់រថយន្តភិនភាគខាងលើ ហើយឆែកឃើញវត្ថុតាងដូចការរៀបរាប់ខាងលើពិតប្រកដមែន។

លោកបានបន្តថា វត្ថុតាងសត្វកន្ធាយ បានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលកណ្ដាល ដើម្បីអនុវត្តតាមនីតិវិធី។ រីឯកូនទាបានប្រគល់ឱ្យមន្ត្រីបសុពេទ្យប្រចាំក្រុងតាខ្មៅ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។

មធ្យោបាយរថយន្តរក្សាទុក នៅស្នងការដ្ឋានខេត្តកណ្តាល រង់ចាំការបញ្ចប់និតិវិធីពីខណ្ឌរដ្ឋបាលជលផល និងបសុពេទ្យ។ រីឯមនុស្ស២នាក់ បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តល្មើស និងបានពិន័យតាមច្បាប់ជលផលផងដែរ៕