(ក្រចេះ)៖ សត្វផ្សោតទន្លេមេគង្គចុងក្រោយ នៅអន្លង់ឈើទាល ខេត្តស្ទឹងត្រែង ជាប់ព្រំដែនកម្ពុជា-ឡាវ បានងាប់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ថ្មីៗនេះ។ ការផុតពូជទាំងស្រុងនូវផ្សោតទន្លេមេគង្គ នៅអន្លង់ឈើទាលនេះ គឺជាអ្វីដែលអ្នកវិទ្យាសាស្ត្រ ធ្លាប់បានព្យាករទុកតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយអង្គការ WWF-កម្ពុជា។

សត្វផ្សោតនេះទម្ងន់១១០គីឡូក្រាម ត្រូវបានអាជ្ញាធរផ្សាយថា មូលហេតុងាប់ គឺបណ្ដាលមកពីស្បៃមង នៅរុំជាប់កន្ទុយរបស់វា ទើបធ្វើឱ្យផ្សោតនេះពិបាកផ្លាស់ទី និងចាប់ចំណី។ ជាមួយគ្នានឹងការបាង់បង់សត្វផ្សោតចុងក្រោយបង្អស់នៅនៅទីជម្រកអន្តរព្រំប្រទល់ត្រង់ព្រំដែនរវាងឡាវ និងកម្ពុជានេះ អង្គការ WWF-កម្ពុជា «មានការសោកស្ដាយយ៉ាងពន់ពេកចំពោះការបាត់បង់សត្វផ្សោតទន្លេមេគង្គចុងក្រោយនៅអន្លង់ឈើទាល ដែលជាទីជម្រកអន្តរព្រំប្រទល់ត្រង់ព្រំដែនរវាងប្រទេសឡាវនិងកម្ពុជា។ សត្វផ្សោតឯកកាមួយក្បាលចុងក្រោយនេះបានផុតជីវិតនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយមានយើងគ្រប់គ្នាជាសាក្សី»

ជុំវិញករណីនេះ នាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានបង្ហាញការសោកស្តាយបំផុត ដែលបានបាត់បង់សត្វផ្សោតចុងក្រោយនៅអន្លង់ឈើទាល នៅជាប់នឹងព្រំដែននៃប្រទេសឡាវ។

កន្លងមក រដ្ឋបាលជលផល ដោយមានការគាំទ្រពីអាជ្ញាធរខេត្តស្ទឹងត្រែង និងអង្គការដៃគូនានា ជាពិសេស អង្គការ WWF បានព្យាយាមការពារយ៉ាងយកចិត្តទុកដាក់បំផុត និងប្រឹងប្រែងបង្កើនកិច្ចសហការជាមួយភាគីឡាវ ប៉ុន្តែសត្វផ្សោតដែលស្ថិតក្នុងអន្លង់ឈើទាល ជាប់នឹងព្រំដែនឡាវនេះ បានទទួលរងនូវសម្ពាធដ៏ធ្ងន់ធ្ងរបំផុត ទាំងសម្ពាធពីសកម្មភាពមនុស្សនៅតាមតំបន់ព្រំដែន ការប្រែប្រួលរបបទឹក និងការប្រែប្រួលអាកាសធាតុ ធ្វើឱ្យចំនួនផ្សោតបានថយចុះជាបន្តបន្ទាប់ រហូតដល់សត្វផ្សោត០១ក្បាលចុងក្រោយ បានស្លាប់នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

ដើម្បីរំលឹកដល់វត្តមាននៃសត្វផ្សោតក្នុងអន្លង់ឈើទាលនេះ នាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល សហការជាមួយអង្គការ WWF និងរដ្ឋបាលខេត្តស្ទឹងត្រែង នឹងសាងសង់រូបសំណាកសត្វផ្សោតជាកេរ្តិ៍ដំណែល សម្រាប់កូនចៅយើងជំនាន់ក្រោយបានដឹង និងចងចាំ៕