(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មតំណាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកវគ្គហ្វឹកហ្វឺន វិក្រឹតការ ដល់នាយទាហាន បញ្ជាការ-សេនាធិការ វិស្វកម្ម (ជំនាន់ទី១) ចំនួន៧២នាក់ នៅសាលាវិស្វកម្មតេជោ ស្ថិតក្នុងឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក ឡូញ សារូ អភិបាលរងស្រុកបាធាយ ប្រធានក្រុមប្រឹក្សាឃុំផ្អាវ នាយការិយាល័យ មេបញ្ជាការ នាយទាហានជំនាញ តាមបណ្តាស្ថាប័ន កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី មៀវ រីឡែន ស្នងការរងស្នងការដ្ឋានកសាងគ្រប់គ្រងកម្លាំង និងលោកវរសេនីយ៍ឯក ចាន់ សុភិន នាយកស្តីទីសាលាវិស្វកម្មតេជោ អានសុន្ទរកថាស្វាគមន៍ និងបានអានផែនការ និងកម្មវិធីសិក្សា ស្តីពីការហ្វឹកហ្វឺនវគ្គវិក្រឹតការ នាយទាហានបញ្ជាការដ្ឋានវិស្វកម្មរយៈពេល ៦ខែ នៅសាលាវិស្វកម្មតេជោ ដែលមានសិក្ខាកាមសរុបចំនួន ៧២នាក់ ជានាយទាហានបង្គោលមកពីតាមបណ្តាស្ថាប័ន កងឯកភាព នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ។

ថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺន នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើរដល់យោធាចារ្យ និងសិក្ខាកាមចំនួន៦ចំណុច៖

ទី១៖ ជំងឺកូវីដ១៩ នៅតែបំប្លែងខ្លួនថ្មី នៅតែបន្តឆ្លងរាលដាលជាសកលនៅឡើយ ដូចនេះយើងទាំងអស់គ្នា មិនត្រូវបាត់ការប្រុងប្រយ័ត្នឡើយ ត្រូវរួមគ្នាប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលចូលសហគមន៍ ចូលអង្គភាព ពិសេសសាលា ត្រូវបន្តអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល (SOP) និងបន្តរស់នៅតាមរបត់គន្លងថ្មីកូវីដ១៩ ឱ្យបានត្រឹមត្រូវ។

ទី២៖ ត្រូវពង្រឹងវិន័យ សណ្តាប់ធ្នាប់ គោរពបទវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ឱ្យបានម៉ឺងប៉ាត់ ដើម្បីធ្វើជាគំរូ ពិសេសត្រូវមានមុខរៀនសូត្រឱ្យបានទៀងទាត់។

ទី៣៖ យោធាចារ្យត្រូវខិតខំធ្វើបទឧទ្ទេសនាមបទបង្ហាញឱ្យបានល្អ ច្បាស់លាស់ ដើម្បីឱ្យសិក្ខាកាមងាយយល់ និងងាយចងចាំ។

ទី៤៖ សិក្ខាកាមត្រូវខិតខំយកចិត្តទុកក្នុងការសិក្សាឱ្យទទួលបានជោគជ័យគ្រប់មុខវិជ្ជាបន្ទាប់ពីបញ្ចប់វគ្គសិក្សា។ ទន្ទឹមនោះ ត្រូវចេះឆ្លៀតបំពេញការងារស្នូលរបស់ខ្លួន តាមប្រព័ន្ធព័ត៌មានវិទ្យា។

ទី៥៖ ស្នងការភស្តុភារ និងសាលា ត្រូវពង្រឹងដល់ក្រុមគ្រូពេទ្យ និងបំពេញបន្ថែមនូវបរិក្ខា ឱសថ ឧបករណ៍បម្រើដល់វិស័យសុខាភិបាល ដើម្បីធានាដល់សុខភាពរបស់សិក្ខាកាម និងត្រូវត្រៀមបម្រុងនូវវិធីសាស្ត្របង្រៀនតាមប្រព័ន្ធព័ត៌មានវិទ្យា។

ទី៦៖ ធានាបានល្អ នូវម្ហូបអាហារ មានអនាម័យខ្ពស់ និងលើកទឹកចិត្តដល់សិក្ខាកាម មានការបង្កបង្កើនផល ផ្គត់ផ្គង់ការហូបចុកបានល្អ៕