(ភ្នំពេញ)៖ លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០២២នេះទៅនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស) នឹងពង្រីកវិសាលភាពនៃការអនុវត្តច្បាប់ ដោយជំរុញឱ្យគ្រប់សហគ្រាសទាំងអស់ ដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅកាន់ ន.គ.ស។ ក្នុងនោះសហគ្រាសណាមិនអនុវត្តន៍នូវកាតព្វកិច្ចនេះ នឹងនាំឱ្យមានការដាក់ទោសទណ្ឌ ដែលជាការពិន័យអន្តរកាលដូចមានកំណត់នៅក្នុងអនុក្រឹត្យស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

លោក ប៊ូ ថារិន បានរំលឹកបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីបើកវេទិកាស្តីពី «ការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ»។ វេទិកានេះត្រូវបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ តាមប្រព័ន្ធវីដេអូ ដោយមានអ្នកចូលរួមប្រមាណ ៨០០នាក់។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនដល់ម្ចាស់សហគ្រាសបានជ្រាបច្បាស់អំពីបែបបទ និងនីតិវិធីក្នុងការអនុវត្តការតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ សម្រាប់សហគ្រាសមិនជាប់កាតព្វកិច្ចរងសវនកម្មឯករាជ្យ ទៅ ន.គ.ស។

លោក ប៊ូ ថារិន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០២មក កម្ពុជា មានច្បាប់ស្តីពីគណនេយ្យសហគ្រាស សវនកម្មគណនេយ្យសហគ្រាស និងវិជ្ជាជីវៈគណនេយ្យ ហើយតាមច្បាប់នេះ មានស្ថាប័នពីរត្រូវបានបង្កើតឡើង គឺក្រុមប្រឹក្សាជាតិគណនេយ្យ (ក.ជ.គ.) និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក។)។

លោក ប៊ូ ថារិន បានអះអាងថា ផ្តើមចេញពីច្បាប់នេះ តម្រូវឱ្យសហគ្រាស និងក្រុមហ៊ុនត្រូវបំពេញកាតព្វកិច្ចមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងកាតព្វកិច្ចកាន់បញ្ជីគណនេយ្យ និងស្តង់ដារគណនេយ្យស្តង់ដារសវនកម្ម ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់។

លុះឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាល ក៏បានចេញច្បាប់ស្តីពីគណនេយ្យ និងសវនកម្មជំនួយឱ្យច្បាប់ចាស់ និងមានលិខិតបទដ្ឋានផ្សេងៗទៀត បានដាក់ឱ្យអនុវត្ត ដើម្បីធ្វើការពង្រឹងការអនុវត្តក្របខណ្ឌអនុលោមភាពគណនេយ្យ និងសវនកម្ម។ តាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្មនេះ តម្រូវឱ្យសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញមានកាតព្វកិច្ចអនុវត្តកិច្ចការធំៗចំនួន៣រួមមាន៖ ១) កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, ២) កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមស្តង់ដាគណនេយ្យជាធរមាន និង ៣) កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យស្របតាមបទប្បញ្ញត្តិ និងលក្ខខណ្ឌជាធរមាន។

បើតាមលោកអគ្គនាយកអគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២១មក និយ័តករគណនេយ្យ និងសវនកម្ម បានចាប់ផ្តើមពង្រឹងអនុលោមភាពលើកាតព្វកិច្ចទាំងបី ក្រោយពីមានការចង្អុលបង្ហាញ និងណែនាំពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរយៈវិធានការនៃការពង្រឹងនេះ មានសហគ្រាសរងសវនកម្មឯករាជ្យជាច្រើន បានដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទៅ ន.គ.ស. គួរឱ្យកត់សម្គាល់។

លោក ប៊ូ ថារិន បានអះអាងថា ចាប់ពីឆ្នាំ២០២២តទៅ និយ័តករគណនេយ្យ និងសវនកម្ម នឹងបន្តពង្រីកវិសាលភាពនៃការអនុវត្តកាតព្វកិច្ចទាំង៣ខាងលើឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយតម្រូវឱ្យសហគ្រាសទាំងអស់ ទោះបីសហគ្រាសនោះ ជាសហគ្រាសជាប់លក្ខខណ្ឌឱ្យរងសវនកម្មឯករាជ្យ ឬមិនរងសវនកម្មឯករាជ្យក៏ដោយ ត្រូវតែដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅកាន់ ន.គ.ស.។

ទន្ទឹមនឹងការក្រើនរំលឹកពីកាតព្វកិច្ចរបស់សហគ្រាសបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំហើយនោះ ន.គ.ស. ក៏បានបង្ហាញគំរូសំណុំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់សហគ្រាសមិនជាប់កាតព្វកិច្ចរងសវនកម្មឯករាជ្យផងដែរ។ ខាងក្រោមនេះ គឺជាគំរូ សំណុំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់សហគ្រាសមិនជាប់កាតព្វកិច្ចរងសវនកម្មឯករាជ្យ៖