(ភ្នំពេញ)៖ «ឥន្ទធនូដល់ថ្ងៃស្អែក» គឺជាបទចម្រៀងមួយបទត្រូវបាននិពន្ធឡើង ដោយរំលេចឡើងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនៃចំណងមិត្តភាពរវាងតារាចម្រៀងជនជាតិជប៉ុនល្បីឈ្មោះមួយរូប ជាមួយប្រជាពលរដ្ឋកម្ពុជាក្នុងពេលតារាចម្រៀងរូបនេះ បានមកលេងនៅកម្ពុជាតាំងពីពេលកម្ពុជាកំពុងស្ថិតស្ថានភាពក្រីក្រដោយសារវិបត្តិសង្គ្រាមស៊ីវិល។

យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា បទចម្រៀង «ឥន្ទធនូដល់ថ្ងៃស្អែក» នេះ ត្រូវបាន តារាចម្រៀង និងសម្តែងជប៉ុនដ៏ល្បីឈ្មោះ លោកស្រី មិណាមិណុ យ៉ូកុ និងក្រុមការងារ រៀបចំឡើងជាពិសេសសម្រាប់មហោស្រព «គីហ្សូណាឆ្នាំ ២០២២» និងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា នៅឆ្នាំ២០២៣។

លោកស្រី មិណាមិណុ យ៉ូកុ បានមកប្រទេសកម្ពុជាពីរដង សម្រាប់ការងារទូរទស្សន៍។ លោកស្រី បានមកលើកទី១ ក្នុងឆ្នាំ១៩៨៩ និងលើកទី២ ក្នុងឆ្នាំ២០១៣។ បើតាមស្ថានទូតជប៉ុន ទំនាក់ទំនងរបស់លោកស្រី មិណាមិណុ យ៉ូកុ ជាមួយប្រទេសកម្ពុជា គឺរឹងមំា ហើយបានធ្វើឱ្យលោកស្រី ពិតជាចង់ធ្វើអ្វីមួយ ដើម្បីលើកកម្ពស់មិត្តភាពរវាងជប៉ុន និងកម្ពុជា។ ដូច្នេះលោកស្រី បាននិពន្ធបទចម្រៀងដោយចិត្តសប្បុរស តាមរយៈការចងចាំរបស់លោកស្រី ចំពោះកុមារីកំព្រា ដែលលោកស្រីបានជួបក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសកម្ពុជា។

តាមរយៈបទចម្រៀង «ឥន្ទធនូដល់ថ្ងៃស្អែក» នេះ លោកស្រី មិណាមិណុ យ៉ូកុ បានរំលឹកដល់អនុស្សាវរីយ៍របស់លោកស្រី ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៨៩ ក្នុងពេលកម្ពុជាស្ថិតក្នុងស្ថានភាពវិបត្តិនៃភ្លើងសង្គ្រាម ហើយសេដ្ឋកិច្ចមិនទាន់រីកចម្រើននៅឡើយ។ លោកស្រី បានធ្វើដំណើរទៅកាន់មណ្ឌលកុមារកំព្រា ហើយបានធ្វើសកម្មភាពមួយចំនួន ដើម្បីជួយដល់មជ្ឈមណ្ឌលកុមារកំព្រានោះ។

អត្ថន័យបទចម្រៀងបានបង្ហាញពីការជួយជ្រោមជ្រែងរបស់លោកស្រី ដើម្បីបង្កើតនូវស្នាមញញឹម និងពន្លឺជីវិតសម្រាប់កុមារកំព្រានោះ ដែលជាការបង្ហាញឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តដ៏ជ្រាលជ្រៅរបស់ជនជាតិជប៉ុន សម្រាប់ពលរដ្ឋកម្ពុជា។ អត្ថន័យបទចម្រៀង បានរំលចនូវស្មារតីដ៏មុតមាំរបស់ពលរដ្ឋជប៉ុន ក្នុងការជួយដល់ពលរដ្ឋកម្ពុជា ដើម្បីឆ្ពោះទៅក្តីសង្ឃឹមមួយ ដែលជាបំណងប្រាថ្នារួមរបស់ពលរដ្ឋកម្ពុជា និងពលរដ្ឋជប៉ុន។

ស្ថានទូតជប៉ុន បានបញ្ជាក់ថា នៅក្នុងទំនុកច្រៀងនៃបទចម្រៀងនេះ បានរំលេចឃ្លា «គីហ្សូណា (Kizuna)» និង «ត្ស៊ឹបាសា(Tsubasa)»។ ទំនុកច្រៀងនេះ គឺសំដៅទៅលើស្ពានគីហ្សូណា និង ត្ស៊ឹបាសា នៅកម្ពុជា ដែលត្រូវបានសាងសង់ឡើងដោយមានការគាំទ្រពីប្រទេសជប៉ុន៕