(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលរស់នៅជុំវិញ តំបន់រមណីដ្ឋានស្តេចកន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលមានអ្នកចូលរួមចំនួនប្រមាណ២៥០នាក់។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២» (SUNHAK PEACE PRIZE 2022) របស់សម្តេចតេជោ គឺជាមហាកិត្តិយសដ៏ធំធេងឧត្តុង្គឧត្ដមវិសេសវិសាល សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ដែលបានប្រពឹត្តទៅនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថ្មីៗនេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នេះបង្ហាញឲ្យឃើញជោគជ័យដ៏ធំធេងថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ នៃកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ជាពិសេសគឺមោទនភាពរបស់ជាតិដែលខ្មែរទទួលបានពានរង្វាន់សន្តិភាព។

ក្នុងឱកាសនោះលោកបណ្ឌិត អភិបាលខេត្ត បានគូសបញ្ជាក់ថា៖ ពានរង្វាន់នេះស័ក្តិសមបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីដែលពិតជារដ្ឋបុរសប្រកបដោយ គំរូវីរភាពថ្លៃថ្លាគតិបណ្ឌិត និងទេពកោសល្យនយោបាយដ៏ខ្ពង់ខ្ពស់ជា «បិតាស្ថាបនិកសន្តិភាព» ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបញ្ញាញាណឈ្លាសវៃ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុងឧត្តម ដើម្បីសន្តិភាពជូនមាតុភូមិ និងប្រជាជនកម្ពុជា។

សូមជំរាបថា នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ថ្មីៗនេះ បានការអញ្ជើញចូលរួមពី លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ, អតីតប្រធានសភាតំណាងរាស្រ្តទី៥០ សហរដ្ឋអាមេរិក, លោក Newton Leroy Gingrich និងលោក មៃ ផេន អតីតអនុប្រធានាធិបតីអាមេរិក ព្រមទាំងភ្ញៀវកិត្តិយសជាមេដឹកនាំ អតីតមេដឹកនាំ និងអង្គការពាក់ព័ន្ធមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកប្រមាណ ១៥៧ប្រទេស ក៏បានអបអរសាទរ កោតសរសើរ និងហៅសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកស្នេហាជាតិដែលបាននាំប្រទេសកម្ពុជា ចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងបន្តដោយកោតសរសើរ និងគំរូវីរៈភាពរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល។ លោកបណ្ឌិតបានបន្ថែមថា អ្វីដែលជាស្នាដៃលេចធ្លោរមិនអាចកាត់ថ្លៃបានរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺសមត្ថភាពដឹកនាំប្រទេសដ៏ស័ក្តិសមបំផុត ក្នុងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃក្នុងរយៈពេលមួយដ៏យូរដើម្បីទទួលបាននូវសន្តិភាពពេញលេញ ស្ថិរភាព ឯករាជ្យភាព អធិបតេយ្យភាព ហើយបាននិងកំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លាថែមទៀត ដូចបណ្តាប្រទេសជឿនលឿនដទៃទៀត នៅក្នុងតំបន់៕