(ឧត្តរមានជ័យ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងដាក់ទិសដៅអនុវត្តឆ្នាំ២០២២ ក្រោមវត្តមានលោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្ដរមានជ័យ និងលោក តូច សុភក្កី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។

លោក តូច សុភក្កី បានថ្លែងលើកឡើងថា សន្និបាតនេះប្រព្រឹត្តធ្វើឡើងក្នុងគោលបំណងបង្ហាញនូវលទ្ធផលការងាររបស់អង្គការតុលាការ និងអង្គការអយ្យការ ដែលបានអនុវត្តក្នុងឆ្នាំ២០២១ និងលើកទិសដៅការងាអនុវត្តបន្ត ឆ្នាំ២០២២ ដើម្បីរកឱ្យឃើញនូវបញ្ហា ប្រឈម និងការលំបាកទាំងឡាយ ដែលជាឧបសគ្គក្នុងការអនុវត្តការងារមិនទទួលបានជោគជ័យនាពេលកន្លងមក សំដៅធ្វើយ៉ាងណាដើម្បីពន្លឿនក្នុងការដោះស្រាយសំណុំរឿងឱ្យបាន ឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ដោយឡែកលោក អ៊ុំ ចាន់ថុល ក៏បានថ្លែងលើកឡើងថា ក្រោយពីក្រមព្រហ្មទណ្ឌ ព្រហ្មទណ្ឌក្រមនីតិវិធី និងក្រមរដ្ឋប្បវេណី ក្រមនីតិរដ្នប្បវេណី ចូលជាធរមានមក របត់ការងារផ្នែកវិស័យយុត្តិការ មានការប្រែប្រួលយ៉ាងខ្លាំង គឺតម្រូវឲ្យមានការបំពាក់បំប៉ន ដល់ចៅក្រម ក្រឡាបញ្ជីនិងមន្រ្ដីអនុវត្តន៍ច្បាប់ ឲ្យយល់ និងមានសមត្ថភាពដើម្បីអនុវត្តន៍ការងាររបស់ខ្លួនសមស្របនិងច្បាប់ថ្មី និងផ្ដល់សេវា យុត្តិធម៍ជូន ប្រជាពលរដ្ន ស្របតាមនយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាយុត្តិធម៍ ប្រកបដោយ សមភាព សច្ចភាពនិង តម្លាភាពដើម្បីបង្កើន នូវការធានា យុត្តិធម៌ ភាពជឿជាក់ លើប្រព័ន្ធតុលាការ ពីសំណាក់មតិជាតិ និងអន្ដជាតិ។

ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ ក៏បានថ្លែងផ្ដាំផ្ញើរទៅដល់ មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវគោរពពេលវេលាធ្វើការ អនុវត្តការងារឲ្យបានល្អ គិតប្រយោជន៍ប្រជាពលរដ្ឋជាធំ ក្នុងការរកភាពយុត្តិធម៌ជូនដល់ពួកគាត់ ប្រកបទៅដោយគុណភាព តម្លាភាព ភាពស្មោះត្រង់ និងទាន់ពេលវេលាផងដែរ។ លោកថាសមិទ្ធិផលការងារទាំងឡាយទទួលបានក្នុងរយះពេលកន្លងមក គឺផ្តើមចេញពីការចេះសហការគ្នា ការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក និងភាពមិនមើកបំណាំគ្នា ព្រមទាំងការគោរពច្បាប់និងតួនាទីភារកិច្ចរៀងៗខ្លួន៕