(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងអាជីវករផ្សារច្បារអំពៅ បើមិនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឱ្យចេញ-ចូល ក្នុងផ្សារច្បារអំពៅឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក គួច ចំណាន បានលើកឡើងថា អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ កុម្ភៈ កន្លងមកនេះ ពោលគឺខណៈដែលជំងឺកូវីដ១៩ ប្រភេទអូមីក្រុង បានរីករាលដាលចូលក្នុងសហគមន៍ គណៈកម្មការផ្សារច្បារអំពៅ បានដាក់កម្លាំងសន្តិសុខ នៅតាមច្រកចេញ-ចូលទាំង៩ ជាមួយនឹងការដាក់ កន្លែងវាស់កំដៅ ជែល អាកុលសម្រាប់លាងដៃ ជាដើមនៅតាមច្រកទាំងអស់ តម្រូវឱ្យប្រជាពលរដ្ឋក៏ដូចជាអាជីវករត្រូវបង្ហាញការចាក់វ៉ាក់សាំង។ ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ បើមិនបានបំពេញតាមលក្ខខណ្ឌ លើកិច្ចការពារទប់ស្កាត់ជំងឺកូវីដ១៩ ទៅតាមវិធានការរបស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឱ្យចូលផ្សារ ដើម្បីទិញបន្លែបង្កា ត្រី សាច់ឡើយ។

ដោយឡែកចំពោះលោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅវិញ ក៏បានបញ្ជាក់ស្រដៀងគ្នា និងគណៈកម្មការផ្សារច្បារអំពៅនេះផងដែរថា៖ «ចំពោះអ្នកចេញ-ចូលផ្សារបន្លែច្បារអំពៅ ដាច់ខាតត្រូវតែអនុវត្តឱ្យបាននូវវិធានការការពារជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន។ បើមិនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺគណៈកម្មការផ្សារមិនអនុញ្ញាតឱ្យចូលក្នុងផ្សារឡើយ»

ប្រធានផ្សារច្បារអំពៅ ក៏បានបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុងនេះ អាជីវករលក់ដូរក្នុងផ្សារ មកលក់ដូរជាធម្មតា ប៉ុន្តែសម្រាប់អតិថិជនចេញ-ចូលផ្សារ ថ្ងៃខ្លះមានការថយចុះប្រមាណ២០% ថ្ងៃខ្លះក៏ធម្មតាដែរ។ ទោះបីជាយ៉ាងណាក្តី ការរឹតបន្តឹង លើកិច្ចការពារ ជំងឺរាតត្បាតនេះ គណៈកម្មការផ្សារ បានផ្សព្វផ្សាយតាមឧគ្ឃោសនស័ព្ទជាប្រចាំ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន៕