(ក្រចេះ-ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវឲ្យបន្តការខិតខំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបន្តការខិតខំតទៅទៀត ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ សភាពការណ៍ នៅប្រទេសរបស់យើង ម្សិលមិញមានការធ្លាក់ចុះ ពី៥០០ករណី នៅ១៨៤ករណី ព្រឹកនេះ គឺ២០៤ករណី»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បើយោងទៅតាមអ្វី ដែលបានដឹង នៅតាមផ្ទះនីមួយៗ គឺបានធ្វើតេស្ដខ្លួនឯង នៅពេលដែលដឹងថាខ្លួនឯងកើត គឺព្យាបាលនៅផ្ទះតែម្ដង អត់មកចុះបញ្ជីនោះទេ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឥលូវនេះ «ដែលតា» និង «អាល់ហ្វា» ហាក់ដូចជាចាកចេញពីស្រុកខ្មែរហើយ នៅតែអូមីក្រុង ដែលមានចំនួនឆ្លងច្រើន ប៉ុន្ដែគ្មានមនុស្សស្លាប់ ក៏ប៉ុន្តែវាក៏មិនល្អនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា នៅវៀតណាម នាបច្ចុប្បន្ននេះ ទើបតែមានអូមីក្រុង ជាង១៩០ករណី ក្រៅពីនោះ «ដែលតា» និង «អាល់ហ្វា» ទាំងអស់។

សម្ដេចតេជោ បានបន្ដទៀតថា ម្សិលមិញប្រទេសវៀតណាម បានឆ្លងកើនឡើង រហូតដល់ជាង៣ម៉ឺននាក់ ក្នុងមួយថ្ងៃ ប៉ុន្តែចំនួនអ្នកស្លាប់ ថយចុះដោយសារប្រទេសវៀតណាម ចាក់វ៉ាក់សាំងបានច្រើន ដូច្នេះឃើញថា វ៉ាក់សាំងជួយទប់ កុំឲ្យមនុស្សចូលទៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ២០៤នាក់ ក្នុងនោះ ករណីនាំចូលចំនួន៩នាក់ និងឆ្លងក្នុងសហគមន៍១៩៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន១៥៧នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៤,៣៤៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៩,៣៥៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕