(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ព្រោះបើតាមការពិនិត្យលើអត្រាអ្នក ទៅចាក់ដូសជំរុញ គឺនៅមានសភាពយឺតយ៉ាវ ដូច្នេះសម្ដេចក៏បានជំរុញការចាក់ដូសជំរុញនេះឱ្យបានលឿនជាងមុន។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅខេត្តក្រចេះ និងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមមនុស្សជាង១៤លាននាក់ដែលបានចាក់ទាំង២ដូសហើយនោះ អ្នកដែលបានចាក់ដូសទី៣ទើបនឹងបានជាង៦លាននាក់ប៉ុណ្ណោះ ពោលគឺនៅខ្វះជាង៨លាននាក់ទៀតដែលមិនទាន់បានចាក់ដូសទី៣។ រីឯអ្នកដែលបានចាក់ដូសទី៤ ទើបនឹងបានជាង៦០ម៉ឺននាក់ ដែលពួកគេគឺជាអ្នកជួរមុខប្រឈមជាមួយហានិភ័យ។ ដូច្នេះសម្ដេចតេជោក៏បានអំពាវនាវឱ្យពន្លឿនជំរុញការចាក់នេះឱ្យបានលឿនជាងមុន។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឱ្យប្រជាជនទៅទទួលយកវ៉ាក់សាំងដូសជំរុញ ដែលមកដល់ពេលនេះ មើលនៅក្នុងអត្រាយឺតពេក បើប្រៀបធៀបពេលដែលយើងចាក់មុន ក្នុង១ថ្ងៃមាន១០ម៉ឺនទៅ២០ម៉ឺននាក់»

លើសពីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានដាស់តឿនថា កុំរំពឹងទៅលើវ៉ាក់សាំង២ដូសដែលបានចាក់រួចហើយនោះខ្លាំងពេក ចាំបាច់ត្រូវចាក់ដូសទី៣ និងដូសទី៤បន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការពាររាងកាយពីមេរោគកូវីដ១៩ ពិសេសគឺប្រភេទបំប្លែងថ្មី អូមីក្រុង។

សម្ដេចតេជោ ហ៊ុន សែន បានដាស់តឿនទៀតថា ទោះបីជាមានវ៉ាក់សាំងប៉ុន្មានដូសក្នុងខ្លួនក៏ដោយ ប៉ុន្តែត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ៕