(ព្រៃវែង)៖ លោក ប៉ែន វុត្ថា សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ តំណាងឲ្យលោក រឿន រិទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានចុះប្រគល់ផ្ទះថ្មី១ខ្នងរបស់មូលនិធិជនពិការ ធ្វើអំពីថ្មប្រកស័ង្កសីទំហំ ៤គុណ៦ម៉ែត្រ ជូនជនពិការក្រីក្រឈ្មោះ ថេង ថុង ភេទប្រុស ជាជនពិការអវយវៈ ក្រោមទាំង២ រស់នៅភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោក ប៉ែន វុត្ថា សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានឲ្យដឹងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរបស់ប្រជាពលរដ្ឋទោះក្នុងកាលទេសៈណាក៏ដោយ។ លោកបន្តថា មូលនិធិជនពិការជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយរបស់រដ្ឋដែលបាន និងកំពុងផ្តល់សេវាស្តារលទ្ធភាពពលកម្ម និងលើកកម្ពស់ជីវភាពដល់ជនពិការនានា។

ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណដល់សាខាមូលនិធិជនពិការខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់សហការស្វែងរកជនពិការក្រីក្រ និងការកសាងឯកសារពាក់ព័ន្ធជូនមូលនិធិជនពិការ។
លោកក៏បានផ្តាំផ្ញើរដល់គ្រួសារជនពិការ ខាងលើខិតខំបង្កើនមុខរបរដើម្បីស្វែងរកចំណូលបន្ថែម ក្រៅពីរបរលក់ដូរបន្តិចបន្តួចនេះ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារជនពិការដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស ជាមួយគ្នានេះលោក ប៉ែន វុត្ថា និងក្រុមគ្រួសារលោកជំទាវ ទី បូរ៉ាស៊ី ក៏បានឧបត្ថម្ភបន្ថែមនូវថវិកា ៥០ម៉ឺនរៀល សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕